(ភ្នំពេញ)៖ សប្បុរសជន២រូប គឺលោកឧត្តសេនីយ៍ទោ សុខ សុគន្ធា អគ្គនាយករងពន្ធនាគារ រួមជាមួយលោកតាំង គីមស្រ៊ុន បានចំណាយថវិកាផ្ទាល់ខ្លួន ជួយធ្វើការស្ថាបនាផ្លូវលំ១ខ្សែ ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នផ្លូវដែលមានប្រវែងជាង១គីឡូម៉ែត្រ១ខ្សែនេះ កំពុងទទួលរងការខូចខាតយ៉ាងខ្លាំង មានជង្ហុកច្រើនកន្លែង ហើយត្រូវបានលិចទឹកផង ភក់ជ្រាំផង រអិលផង លំបាកដល់ការធ្វើដំណើរយ៉ាងខ្លាំង។

ដោយមើលឃើញពីការលំបាកនេះហើយ ទើបសប្បុរសជនទាំង២ ជួយស្ថាបនាដើម្បីជួយសម្រួលបងប្អូនប្រជាពលរដ្ឋ ជាពិសេសលោកយាយ លោកតា ធ្វើដំណើរទៅធ្វើបុណ្យទាន នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ដោយស្រួល។

ជាក់ស្ដែង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ផ្លូវនេះ ត្រូវបានបើកការដ្ឋានចាប់ផ្ដើមស្ថាបនាឡើង ដើម្បីឲ្យឆាប់ហើយរួចរាល់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ

ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួម ពីលោកសង្កាត់ចោមចៅទី១ លោកឧត្តមសេនីយ៍ទោ សុខ សុគន្ធា និងលោក តាំង គីមស្រ៊ុន ដែលជាសប្បុរសជន ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋ នៅក្នុងភូមិនោះផងដែរ។

នៅក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បានថ្លែងអំណរគុណដល់សប្បុរសជនទាំង២ ដែលបានចូលរួមចំណែក អភិវឌ្ឍមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ជាក់ស្ដែងដូចជាពេលនេះស្រាប់ បន្ទាប់ពីមើលឃើញនូវការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ដោយសារតែផ្លូវរងការខូច ក៏បានជួយស្ថាបនា។

លោកថា នេះគឺជាកាយវិកាប្រកប ទៅដោយមនុស្សធម៌មួយ ដែលបានបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិខាងលើ បានធ្វើដំណើរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក៏ដូចជានៅពេលក្រោយភ្ជុំបិណ្ឌរហូតទៅផងដែរ។

លោកឧត្តសេនីយ៍ទោ សុខ សុគន្ធា និងលោក តាំង គីមស្រ៊ុន បានឲ្យដឹងថា ផ្លូវលំ១ខ្សែប្រវែងជាង១ពាន់ម៉ែត្រនេះ នឹងត្រូវស្ថាបនាឡើងដោយការចាក់ដីអំពិល និងក្រាលថ្មមិចកិនបង្ហាប់ ហើយពុំទាន់ដឹងថា តើត្រូវចំណាយអស់ប៉ុន្មានឡាននៅឡើយទេ ប៉ុន្តែប្រហែលជាង៥០០ឡាន។

លោកបន្ដថា ការដែលលោកទាំង២ជួយធ្វើផ្លូវនេះ គឺដើម្បីសម្រួលដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា បានធ្វើដំណើរទៅវត្ត ធ្វើបុណ្យទានផ្សេង ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ហើយក៏មានបំណងចូលរួម ក្នុងការអភិវឌ្ឍមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ៕