(ពោធិ៍សាត់)៖ លោក ភុន សុវណ្ណ នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងយោធាខេត្ត នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានបន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ២គោលដៅផ្សេងគ្នា នៅក្នុងរដូវបិទនេសាទ នារដូវត្រីកំពុងតែពងកូន។

នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទនេះ បានធ្វើឡើងនៅចំណុចកំពង់ថ្គោល រហូតដល់កំពង់ស្ទឹង ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការរុះរើ និងបំផ្លាញចោលរបាំងស្បៃមុង៦ខ្សែប្រវែង ៦០០ម៉ែត្រ លូងកងស្បៃមុង១០មាត់ បង្គោលចំរឹង១២០ដើម និងបានចាក់លែងកូនត្រីល្អិតៗ ទៅក្នុងបឹងទន្លេសាបមួយចំនួន។

ដោយឡែក នៅចំណុចព្រែកខ្ញែង ស្ថិតនៅក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានធ្វើការរុះរើ និងកម្ទេចចោលវត្ថុតាង របាំងស្បៃមុងប្រវែង៤៥០ម៉ែត្រ លូស្បៃមុង៦មាត់ បង្គោលចម្រឹង៣០០ដើម និងបានចាក់លែងទឹកក្នុងបឹងទន្លេសាបវិញផងដែរ។

បើតាមលោក ភុន សុវណ្ណ នាយរងខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងរដូវបិទនេសាទ ត្រូវបានខណ្ឌរដ្ឋបាលជលផលផ្នែកសង្កាត់ សហការជាមួយយោធាខេត្ត បន្តចុះធ្វើការបង្ក្រាបជាបន្តបន្ទាប់ ដោយធ្វើយ៉ាងណា កាត់បន្ថយបទល្មើសនេសាទឱ្យនៅសល់តិចបំផុត។ កន្លងមកលោកក៏ធ្លាប់បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជានេសាទ សូមកុំធ្វើការនេសាទ នៅក្នុងរដូវត្រីពងកូន និងកុំកាប់បំផ្លាញព្រៃលិចទឹក ជាជម្រករបស់សត្វគ្រប់ប្រភេទ ដែលអាចធ្វើឱ្យមានទោសទណ្ឌលើខ្លួនផងដែរ៕