(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស-ពិការ និងសោធននិវត្តន៍ ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្តនៅក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនិតិសមម្បទា ចំនួន១០នាក់។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងផងដែរ។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រីមេញ្ជាការ បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់និវត្តន៍ជនក្នុងម្នាក់ៗ ទទួលបាន អង្ករទម្ងន់៥០គីឡូក្រាម, មី០១កេស, ត្រីខ ១២កំប៉ុង, ទឹកសុទ្ធ០២កេស, កន្សែងពោះគោ០១ និងថវិកាចំនួន ១០០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ៕