(ភ្នំពេញ)៖ ខណៈក្រសួងជំនាញបាននិងកំពុងចុះសិក្សា ចងក្រងទីតាំងដីប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាយូរឆ្នាំមកហើយក្នុងតំបន់អភិរក្ស ដើម្បីកាត់ឆ្វៀលជូនពលរដ្ឋតាមបទ បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ មានក្រុមជនខិលខូចមួយចំនួនបាន និងកំពុងប្រើប្រាស់ប្រជាពលរដ្ឋ ដើម្បីទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសនិងស្នើសុំកាត់ឆ្វៀល។
អ្នកពាក់ព័ន្ធទាំងឡាយដែលគេបានដឹងក្នុងនោះមានមេភូមិ មេឃុំ និងមន្ត្រីមួយចំនួនតូចនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលគេដឹងថា នៅពីក្រោយការរៀបចំប្រជាពលរដ្ឋឱ្យចូលទន្ទ្រានដីព្រៃ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះនេះគឺជាទង្វើខុសច្បាប់ ខណៈអាជ្ញាធរមូលដ្ឋានមានតួនាទីជាអ្នកចូលរួមការពារនិងអភិរក្សធនធានធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួន។
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីជំនាញ នៃអាជ្ញាធរខេត្តបាត់ដំបង បានបង្ក្រាប និងរឹបអូសត្រាក់ទ័រពីរគ្រឿងដែលចូលឈូសឆាយដីព្រៃនៃដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបងលើទំហំជិត ២០០ហិកតា។
ក្រោយការបង្ក្រាបការទន្ទ្រានដីព្រៃ និងចាប់ឃាត់ខ្លួនអ្នកបើកបរនិងត្រាក់ទ័រចំនួន ២គ្រឿង មានការរៀបចំប្រជាពលរដ្ឋឱ្យមកតវ៉ាឱ្យដោះលែងជនល្មើស និងទរយកត្រាក់ទ័រទៅវិញ និងថែមទាំងទាមទារកាត់ឆ្វៀលដីព្រៃនោះកាន់កាប់ទៀតផង។
តាមការឱ្យដឹងរបស់អ្នកពាក់ព័ន្ធ ប្រជាពលរដ្ឋដែលបានចូលរួមតវ៉ានោះត្រូវបានមេឃុំកំពង់ល្ពៅ និងមេភូមិចំនួន៣ ភូមិដើរហៅឱ្យមកចូលរួមតវ៉ា ដើម្បីទទួលបានដី។ ករណីនេះក៏មានការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងមន្ត្រីឃុំកំពង់ល្ពៅ ឈ្មោះ ឡាច ហម មេឃុំកំពង់ល្ពៅ និងមេភូមិ៣រូបទៀតរួមមាន គឹម សឺន មេភូមិកំពង់ល្ពៅ ឈ្មោះ សួន ជួន អនុប្រធានភូមិកំពង់ល្ពៅ ឈ្មោះ គឹន ម៉ៃ មេភូមិអូរដើមចេក និងមានអភិបាលរងស្រុកសំឡូតឈ្មោះ តុល ភន អធិការស្រុកសំឡូតឈ្មោះ កោ ស៊ុនកាំង ដែលបានធ្វើឱ្យប្រជាពលរដ្ឋមានសន្ទុះក្នុងការតវ៉ា និងយកបង្គោលមកបោះ យកត្រាក់ទ័រមកឈូសឆាយព្រៃ ហើយឱ្យមន្ត្រីឧទ្យានុរក្សរុះរើទីស្នាក់ការចេញមិនឱ្យយាមនិងដើរល្បាតនៅតំបន់នោះបន្តទៀត ព្រោះដីទាំងនោះត្រូវបានគេឃុបឃិតគ្នាលក់ និងមានម្ចាស់អស់រួចទៅហើយ។
នេះបង្ហាញថា ទោះបីជារដ្ឋបាលខេត្តនិងមន្ទីរជំនាញខិតខំប្រឹងប្រែងបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិជាប្រចាំ ប៉ុន្តែនៅតែមានជនខិលខូចលួចឃុបឃិតគ្នា និងប្រព្រឹត្តបទល្មើសទន្ទ្រាន កាន់កាប់ដី។ យោងតាមច្បាប់ គ្មានជនណាម្នាក់មានសិទ្ធិលក់ទិញដូរដីនៅក្នុងតំបន់អភិរក្សបានឡើយ ហើយកាលដែលអាជ្ញាធរភូមិឃុំចុះហត្ថលេខាទិញលក់ដូរដី ក្នុងតំបន់ការពារធម្មជាតិគឺខុសច្បាប់។
ជនខិលខូចទាំងឡាយត្រូវបញ្ឈប់វប្បធម៌ ប្រើប្រជាពលរដ្ឋដើម្បីកាប់ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ និងស្នើសុំកាត់ឆ្វៀលដី។ នេះគឺជាទង្វើខុសច្បាប់ ហើយខុសពីគោលការណ៍ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ និងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើហ្វេសប៊ុកសម្តេចថា «ជនឆ្លៀតឱកាស ពីការបែងចែកនឹងទទួលដីធ្លីនឹងត្រូវមានទោស»។
នៅហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បានសរសេរថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងទាំង៣រួមមាន៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលយូរឆ្នាំមកហើយ ក្នុងតំបន់អភិរក្ស តំបន់ដែនជម្រកសត្វព្រៃ និងតំបន់ការពារផ្សេងៗទៀតរបស់រដ្ឋក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថា៖
*ទី១៖ ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើគឺហាមកាប់ឆ្ការទន្ទ្រានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាតជាដាច់ខាត។ កន្លងមកសម្តេចតេជោ បានសង្កេតឃើញតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនអ្នកអ្នកតូចតាចឱ្យទៅកាប់ រុករានទន្ទ្រានយកដីឱ្យខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្ទ្រានយកដីរដ្ឋមួយយប់ ធ្វើបានខ្ទមពី១០ ទៅ ២០ក៏សម្តេចបានដឹង បានកំណត់អត្តសញ្ញាណ និងមុខសញ្ញាអស់ហើយដែរ។ បើរកឃើញថា អ្នកទាំងនោះបានប្រព្រឹត្តមែននោះគឺនឹងត្រូវចាប់ខ្លួន។
*ទី២៖ ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធនឹងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួល ទោសជាកំហិត។
*ទី៣៖ ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែងគឺរដ្ឋនឹងត្រូវបន្ថែមផ្ទៃដី ១០%ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម៕