(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រាប់ទៅកាន់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថទាំងអស់ ត្រូវចាត់ទុកនិវត្តន៍ជន (ចូលនិវត្តន៍) ជារាមច្បងជាអតីតអ្នកប្រយុទ្ធលើសមភូមិ ការពារជាតិ ការពារបូរណភាពទឹកដី និងការពារសន្តិភាពមុនយើង ហើយអ្វីដែលយើងមោទនភាពជាងនេះ និវត្តន៍ជននៃយើងម្នាក់ៗនៅមានកម្លាំងពលំ ស្មារតីរឹងមាំគួរឱ្យកោតសសើរ។

ការថ្លែងរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បែបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងពិធីជួបសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថរបួស-ពិការ និងនិវត្តន៍ជន ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្តនៅក្រសួងសង្គមកិច្ចអតីយុទ្ធជន និងយុវនិតិសមម្បទា ចំនួន៣៩នាក់ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលមានការចូលរួមលោក លោកស្រី មេបញ្ជាការរង លោកនាយរងសេនាធិការ លោកអនុប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង ៨ផងដែរ។

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមន្ត្រីចូលនិវត្តន៍ទាំងអស់ផងដែរ។

មេបញ្ជាការ រូបនេះ ក៏បានលើកឡើងថា ជានិច្ចជាកាលលោកនាយឧត្តមសេនីយ៍ សៅ សុខា តែងតែបានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះនិវត្តន៍ជនរបស់កងរាជអាវុធហត្ថទាំងអស់។ ជាក់ស្តែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃបង្កើតកងរាជអាវុធហត្ថ លោកនាយឧត្តមសេនីយ៍បានអនុញ្ញាតឱ្យមេបញ្ជាការរាជធានី-ខេត្ត ធ្វើពិធីសំណេះសំណាលជាមួយបងប្អូននិវត្តន៍ជន អតីតកងរាជអាវុធហត្ថដើម្បីបានស្វែងយល់អំពីសុខទុក្ខ និងជួបការលំបាកនៅក្នុងសង្គមគ្រួសាររបស់ពួកគាត់។

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានបន្តថា ដោយផ្តើមចេញពីឆន្ទៈមោះមុត ក្លាហាន អង់អាចស្មារតីស្រឡាញ់ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ដែលជាគំរូវីរភាពដ៏ល្អក្នុងបុព្វហេតុការពារជាតិ ធ្វើឱ្យយើងជាកម្លាំងបន្តវេនជំនាន់ក្រោយមិនអាចបំភ្លេចបាន នៅវីរភាពដ៏អង់អាចនេះ ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទោះក្នុងរូភាពណាក៏ដោយ ពិសេសជាងនេះ គឺការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រីមេញ្ជាការ បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់និវត្តន៍ជនក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់ ២៥គីឡូក្រាម, មី ០១កេស, ត្រីខ ០១យួរ, ទឹកក្រូច ០១កេស និងថវិកាចំនួន ១០០,០០០រៀល ផងដែរ៕