(កំពត)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ពាក់ព័ន្ធការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពត។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពត នារសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំកិច្ចប្រជុំដោយលោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ជាវ តាយ អភិបាលខេត្តកំពត ដោយចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។
បើតាមលោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្ត បានរាយការជូនអង្គប្រជុំថាប្រជាពលរដ្ឋ មកដាក់ពាក្យកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែង ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្សបូកគោ ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារទទួលបានពាក្យស្នើសុំ នៅតាមទីតាំងចំនួន៣កន្លែង បានចំនួន២,៨៦០ក្បាលដី។
លោក សូត យា បានលើកឡើងថា ពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋនោះ មិនមែនមានន័យថា ដីទាំងនោះត្រូវបានផ្ដល់ជូនជាដីកម្មសិទ្ធិរបស់ពួកគាត់នោះទេ មុននឹងផ្ដល់ជូនពួកគាត់ត្រូវមានការវាយតម្លៃ ពីគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្តថាត្រូវឆ្វៀល ឬមិនត្រូវឆ្វៀលជូនពួកគាត់ ហើយមូលដ្ឋាននៃការវាយតម្លៃ គឺពិនិត្យទៅលើការអាស្រ័យផល ជាក់ស្តែងមានដាំដំណាំ និងកំណត់ចំណោតកម្ពស់ធៀប និងនីវ៉ូទឹកសមុទ្រឱ្យបានច្បាស់លាស់។ ទាក់ទិនទៅនឹងកាលបរិច្ឆេទឈប់ទទួលពាក្យ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានស្នើសុំក្រុមការងារពន្យារពេល ព្រោះថាអាចនៅមានប្រជាពលរដ្ឋច្រើនទៀត នៅសេសសល់មិនទាន់បានដាក់ពាក្យនៅឡើយ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានទទួលបន្ទុកពិនិត្យ និងឆ្វៀលដី ក្នុងក្របខ័ណ្ឌឧទ្យានជាតិព្រះមុនីវង្យបូកគោ នៅពេលដែលក្រុមការងារបានចុះសិក្សាកំណត់អត្តសញ្ញាណដីរួចរាល់ ដោយមានការយល់ព្រមពីលោកអភិបាលខេត្ត ក្រុមការងារថ្នាក់ជាតិ និងរៀបចំរបាយការណ៍ជូនលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីលើកយោបល់ជូនទៅសម្ដេចតេជោ ហ៊ុន សែន។
លោក សូត យា ក៏បានស្នើសុំក្រុមការងារខេត្តរៀបចំក្រុមការងារតូចៗ ចុះពិនិត្យសិក្សាលើភូមិសាស្រ្ត ចំនួន៣ក្រុង និងស្រុក ហើយនឹងដាក់បញ្ចូលក្រុមការងារក្រសួង ចុះធ្វើការងារជាមួយនឹងក្រុមការងារនេះ ឱ្យបានឆាប់រហ័ស ដើម្បីស្រង់ទិន្នន័យទំហំក្បាលដី នៅទីតាំងជាក់ស្ដែង និងស្នើសុំលោកអភិបាលខេត្ត និងក្រុមការងារត្រៀមលក្ខណៈសម្របសម្រួល ជាមួយប្រជាពលរដ្ឋប្រសិន បើមានបញ្ហាប្រឈមកើតឡើង ក្នុងបេសកកម្ម ក្រុមការងារ នឹងស្នើសុំលោកអភិបាលខេត្ត បន្ថែមពេលវេលាទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋថែមទៀត។
លោក ជាវ តាយ អភិបាលខេត្ត បានស្នើសុំក្រុមការងារទាំងអស់ ពិនិត្យពិចារណាទៅលើការស្នើសុំដីជាប់ជ្រលងភ្នំដងអូរ គួរតែរក្សាទុកជាតំបន់ការពារធម្មជាតិ និងស្នើសុំការចូលរួមដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលក្រុមការងារបានជួបប្រទះ៕