(ហ្សឺណែវ, ស្វីស)៖ ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) លោក អាន សុខខឿន បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការ និងចំណាត់ការប្រកបដោយដោយប្រសិទ្ធិភាពជាច្រើន ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា ក៏ដូចជាពិភពលោក។
ការគូសបញ្ជាក់របស់លោក អាន សុខខឿន បានធ្វើឡើងក្នុងសម័យប្រជុំលើកទី៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្តីពី «មេរោគកូវដ១៩» ថ្ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។
លោក អាន សុខខឿន បានលើកឡើងក្នុងកិច្ចប្រជុំនោះថា ប្រទេសកម្ពុជាបានធ្វើការគ្រប់គ្រងមេរោគកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមានចំនួនអ្នកឆ្លងសរុប២៧៥ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ដែលទាំងអស់នោះជាករណីនាំចូល។ ក្នុងចំណោមអ្នកឆ្លងនេះនៅវិជ្ជមានចំនួន០១នាក់ ពុំមានអ្នកស្លាប់ និងគ្មានសញ្ញានៃការឆ្លងសហគមន៍ផងដែរ។ ជាពិសេសកម្ពុជា ពុំដែលឈានដល់ដំណាក់កាលតម្រូវឱ្យមានការបិទប្រទេសនោះឡើយ។
តំណាងកម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ បន្ថែមថា ក្រៅពីវិធានការគាំទ្រអាជីវកម្មដែលរងផលប៉ះពាល់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកិច្ចអន្តរាគមន៍ការពារសង្គមជាច្រើនជុំ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ក្រុមងាយរងគ្រោះ។ កម្មវិធីឧបត្ថម្ភ «សាច់ប្រាក់សម្រាប់ការងារ» របស់រាជរដ្ឋាភិបាល បន្តចូលរួមក្នុងការអភិវឌ្ឍជនបទ និងគាំទ្រដល់កសិករ តាមរយៈការធ្វើឱ្យប្រសើរ ឡើងនូវហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងឱកាសបង្កើតការងារបន្ថែម។
រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរួមទាំងជនពិការ ស្ត្រីមានផ្ទៃពោះ និងកុមារ បានផ្តល់អត្ថប្រយោជន៍ជូនគ្រួសារចំនួនលើសជាងកន្លះលានគ្រួសាររួចហើយ។ គ្រួសារចំនួនជាង ៦០,០០០នាក់ផ្សេងទៀត នឹងត្រូវដាក់បញ្ចូលបន្ថែម នៅក្នុងដំណាក់កាលទី២ នៃកម្មវិធីបណ្ដោះអាសន្នខាងលើនេះ។
ដោយឡែកនិយោជិតចំនួនជិត ២៥០,០០០នាក់ នៅក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរ ដែលភាគច្រើនបំផុតជាស្ត្រី ហើយដែលការងាររបស់ពួកគេត្រូវបានព្យួរ ដោយសារមេរោគកូវីដ១៩ ក៏បានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល ក្នុងអំឡុងគ្រាដ៏លំបាកនេះផងដែរ។
លោក អាន សុខខឿន បានសង្កត់ធ្ងន់ថា ការឆ្លើយតបរបស់កម្ពុជា ចំពោះមេរោគកូវីដ១៩ បានដាក់បញ្ចូលនូវគុណតម្លៃនៃសិទ្ធិមនុស្ស និងគោលការណ៍មិនរើសអើងសំដៅមិនបោះបង់បុគ្គលណាម្នាក់ចោលទេ។
ក្នុងបទអន្តរាគមន៍របស់លោក អាន សុខខឿន ក៏បានស្វាគមន៍ចំពោះការអនុម័តនាពេលថ្មីៗនេះ នូវសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពីមេរោគកូវីដ១៩ និងបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានស្នើឱ្យមានការជួយសម្របសម្រួលដល់ការឆ្លើយតប នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដើម្បីទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ រួមទាំងការបម្លាស់ទីនៃមន្ត្រី និងសម្ភារៈមនុស្សធម៌ និងសុខាភិបាល សំដៅធានានូវនិរន្តរភាពនៃប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះជីវិត។
លោក អាន សុខខឿន បានអះអាងថា ក្រសួង និងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា ត្រូវបានណែនាំឱ្យសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោក ក៏ដូចជាទីភ្នាក់ងារអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមនុស្សធម៌នានា ដើម្បីជួយសម្របសម្រួលដល់ប្រតិបត្តិការខាងលើ៕