(ស្ទឹងត្រែង)៖ ផ្ទៃដីសម្បទានសង្គមកិច្ចរបស់ស្ទឹងត្រែង ចំនួន១,៩១៧ហិចតា ត្រូវបានកងកម្លាំងរបស់ទីបញ្ជាការយោធាប្រតិបត្តិការសឹករងខេត្ត បានដាក់គ្រឿងចាក់ចុះឈូសឆាយ ដើម្បីចែកជូនដល់គ្រួសារអតីតយុវជនចូលនិវត្តន៍របស់កងម្លាំងទាំង៣ប្រភេទ។
ចំពោះករណីចុះឈូសឆាយ ដីសម្បទានសង្គមកិច្ច របស់ខេត្តស្ទឹងត្រែង ដែលមានដី១,៩១៧ហិកតា ដើម្បីចែកជូនដល់គ្រួសារ អតីតយុទ្ធជនចូលនិវត្តន៍ ត្រូវបានប្រជាពលរដ្ឋប្រមាណជា៧០គ្រួសារ នៅក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានផ្តិតមេដៃ ធ្វើការតវ៉ា និងបានសូមឱ្យចៅសង្កាត់ជួយអន្តរាគមន៍ ដល់ថ្នាក់ជាតិឱ្យកាត់ឆ្វៀលដីអាស្រ័យផលរបស់ពួកគាត់ដែលបានកាន់កាប់ និងដាំដុះជាយូមកហើយនោះ។
ក្នុងការដាក់ពាក្យសូមឱ្យមានការជួដោះស្រាយពីអាជ្ញាធរក្នុងមូលដ្ឋាន ទៅដល់ថ្នាក់ជាតិរបស់ប្រជាពលរដ្ឋខាងលើបានចោទប្រកាន់ទៅលើកម្លាំង របស់ទីបញ្ជាការប្រតិបត្តិការសឹករងខេត្តថា បានធ្វើការឈូសឆាយដី ដើម្បីយកទៅលក់ឱ្យក្រុមហ៊ុនចិន។
ជុំវិញការចោទប្រកាន់ពីសំណាក់ប្រជាពលដ្ឋលើនេះ លោកឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាកាប្រតិបត្តិកាសឹករងខេត្តស្ទឹងត្រែង បានបដិសេធ ដោយបានបញ្ជាក់ និងឆ្លើយតបជូនចំពោះមហាជន និងពលរដ្ឋនៅក្នុងភូមិខាំផាន់ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ថា មិនមានការលក់ដូរដីធ្លីទៅឱ្យក្រុមចិនណាមួយនោះទេ សូមបងប្អូនកុំជឿតាមការញុះញង់ពីមជ្ឈដ្ឋានខាងក្រៅឡើយ។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ការឈួសឆាយដីជាជំហានដំបូងនេះ គឺធ្វើការត្រាសសេព្រំផ្លូវប្រមាណ៤ខ្សែ ដើម្បីពុះឡូតិ៍ចែកជូនដល់គ្រួសារអតីតយុទ្ធជនចូលនិវត្តន៍ មិនបានឈូសឆាយដីយកទៅលក់នោះទេ កុំថាឡើយដីកន្លះហិកតា ឬ១អា គឺគ្មានការលក់ដូរឡើយ។
លោក ចាន់ សុខខុម បញ្ជាការរងប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង បានឱ្យដឹងថា ផ្ទៃដីសង្គមកិច្ចរបស់ខេត្តនេះ មានទំហំ ១,៩១៧ហិកតា សម្រាប់ចែកជូនគ្រួសាអតីតយុទ្ធជន ចូលនិវត្តន៍ចំនួន១,១៨៨គ្រួសារ ហើយ១គ្រួសារទទួលបានដីភូមិ ក្បាលដី ៣០ម៉ែត្រ និងបណ្ដោយ៤០ម៉ែត្រ និងដីកសិកម្ម ២ហិកតា។
ដោយឡែកលោកមេភូមិខាំផាន់ បានបញ្ជាក់ថា ការឈូសឆាយក៏ឈូសទៅចុះ តែសូមឱ្យរំលងដីដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យផលបានរួចមកហើយ៕