(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន ៣១៨គ្រួសារ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ កសិកម្មជំហានទី៥ ក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជការរង តាមព្រំដែន មេបញ្ជាការកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអាជ្ញាធរជាតិព្រះវិហារ និងប្រជាពលរដ្ឋជាច្រើនរូប។
ឱកាសនោះលោក ប្រាក់ សុវណ្ណ បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមការងារក្នុងការរៀបចំកិច្ចដំណើរការ នៃការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ទៅតាមជំហានការងារ នីមួយៗរហូតកម្មវិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍នាពេលនេះ។ បើគិតមកទល់ពេលនេះ សម្រេចនូវការចាប់ឆ្នោតដីឡូតិ៍កសិកម្មសរុប១០៤៥ ឡូតិ៍ ដែលក្នុងដោយក្នុងមួយគ្រួសារ ទទួលបានដីទំហំ ២ហិកតា។
លោកអភិបាលខេត្ត បានឱ្យដឹងថា ដីឡូតិ៍កសិកម្មដែលបានប្រគល់ជូនប្រជាពលរដ្ឋថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការកំណត់តំបន់សហគមន៍ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មានផ្ទៃដីចំនួន ៥ពាន់ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចទាំងនេះស្តែងចញយ៉ាងច្បាស់ ពីការយកចិត្តទុក្ខដាក់របស់សម្តេចតេជោ លើសុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេសនៅតាមបណ្តោយព្រំដែន។
លោក ប្រាក់ សុវណ្ណ បានលើកឡើងបន្ថែមទៀតថា «សមិទ្ធផលទាំងនេះគឺកើតចេញពីកត្តាសុខសន្តិភាព ដូចនេះ យើងទាំងអស់គ្នាត្រូវអគុណសន្តិភាព អគុណសម្តេចតេជោ មានសម្តេចតេជោ គឺមានសន្តិភាព និងការអភិវឌ្ឍ។ ហើយលោកអភិបាលខេត្តក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ដីកសិកម្មដែលបាននេះខិតខំបង្កបង្កើនផលដាំដំណាំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅ តាមគោលការណ៍កំណត់»។
ជាមួយគ្នានោះដែរលោក ប្រាក់ សុវណ្ណ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវថែរក្សាអនាម័យស្អាតជានិច្ច ត្រូវលាងដៃជាមួយសាប៊ូ ឬជែល ឱ្យបានញឹកញាប់ ពាក់ម៉ាស ឬក្រមានៅពេលយើងនៅតំបន់មនុស្សច្រើន និងរក្សាគម្លាតឆ្ងាយពីគ្នា យ៉ាងតិច ១ម៉ែត្រកន្លះ ដើម្បីចៀសផុតអំពីជំងឺកូវីដ-១៩ និងជំងឺនានាផងដែរ។
លើសពីនេះទៅទៀត សូមបងប្អូនប្រយ័ត្ននៅពេលមានភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ សូមមេត្តាបិទទូរស័ព្ទ ចូរកុំនៅទីវាល កុំនៅជ្រកក្រោមដើមឈើ ត្រូវរត់មកនៅក្នុងផ្ទះ និងទីកន្លែងសុវត្ថិភាព៕