(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះនៅព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ថា លោកបានចាត់ឱ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុក ចុះត្រួតពិនិត្យចំពោះករណីមានប្រជាពលរដ្ឋចំណាកស្រុកមួយចំនួន មកកាប់ទន្ទ្រានដីរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច CHPB development ដែលមានច្បាប់ត្រឹមត្រូវ នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់។
លោក វ៉ា ថន បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ «បានហើយខ្ញុំចារឱ្យមន្ទីរកសិកម្ម និងអាជ្ញាធរស្រុក ចុះធ្វើការហើយ អាហ្នឹងដីក្រុមហ៊ុនគេតើ មានស្អីត្រូវទៅរំលោភ អ្នកការពារខុសទាំងអស់ហ្នឹង ពីព្រោះដីក្រុមហ៊ុនគេចុះបញ្ជីយូរហើយ...! ឱ្យទៅហើយប្រហែលស្អែក ខានស្អែកហើយមើលទៅ ព្រោះចំថ្ងៃឈប់សម្រាកវាលំបាក»។
ពាក់ព័ន្ធនឹងករណីនេះដែរ តំណាងក្រុមហ៊ុនដីសប្បទានសេដ្ឋកិច្ច CHPB development និងប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានស្នើដល់ អាជ្ញាធរខេត្តក្រចេះ និងក្រសួង មន្ទីរពាក់ព័ន្ធ ឱ្យជួយទប់ស្កាត់ប្រជាពលរដ្ឋដែលចំណាកស្រុកជាច្រើនគ្រួសារ ចូលកាប់ដីព្រៃរបស់ក្រុមហ៊ុន ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋទាំងនោះ បានអះអាងថា កន្លងមក ពួកគាត់ធ្លាប់បាននាំគ្នាផ្តិតមេដៃប្តឹងចូលមកអាជ្ញាធរ តាមរយៈតំណាងក្រុមហ៊ុនឱ្យអាជ្ញាធរជួយទប់ស្កាត់ហើយ អាជ្ញាធរស្រុក និងមន្រ្តីនាញក៏ធ្លាប់ចុះទៅហាមឃាត់ និងទប់ស្កាត់ដែរ តែក្រុមប្រជាពលរដ្ឋចំណាកស្រុកទាំងនោះ នៅតែបន្តសកម្មភាពកាប់ទន្រ្ទានដីនោះដដែល។
ប្រជាពលរដ្ឋរស់នៅឃុំកំពង់ចាម ស្រុកសំបូរ ក៏បានរៀបរាប់ថា កន្លងមកពួកគាត់ធ្លាប់បាននាំគ្នាកាប់រានដីព្រៃក្រុមហ៊ុនដូចគ្នា តែក្រោយការកាប់រានបានតិចតួច ក៏មានអាជ្ញាធរ និងសន្តិសុខក្រុមហ៊ុន បានចុះទៅហាមឃាត់ និងណែនាំពន្យល់ពីទំហំដី ព្រំដីរបស់ក្រុមហ៊ុន ហើយពួកគាត់ក៏បានបញ្ឈប់សកម្មកាប់រានដីព្រៃតទៅទៀត។
ក្រុមប្រជាពលរដ្ឋទាំងនោះ បានបន្តថា ក្រោយពីពួកគាត់បានបញ្ឈប់សកម្មភាពកាប់រានដីព្រៃមួយរយៈស្រាប់តែលេចមុខក្រុមប្រជាពលរដ្ឋចំណាកស្រុកជាច្រើនគ្រួសារបាននាំគ្នាចូលកាប់ដី ព្រៃក្រុមហ៊ុនយកធ្វើជាកម្មសិទ្ធិ។ សកម្មភាពកាប់រានដីព្រៃរបស់ប្រជាពលរដ្ឋទាំងនោះ គឺពួកគាត់បានធ្វើឡើងទាំងយប់ទាំងថ្ងៃ បើទោះបីជាមានការចុះទៅហាមឃាត់ ពីសំណាក់សន្ថិសុខក្រុមហ៊ុន យ៉ាងណា ក៏ដោយ ក៏ប្រជាពលរដ្ឋចំណាកស្រុកទាំងនោះ នៅតែបន្តសកម្មភាពដោយមិនខ្លាចញញើត ហើយសកម្មភាពកាប់រានដីព្រៃពីសំណាក់ ប្រជាពលរដ្ឋចំណាកស្រុកទាំងនោះ អាចមានមេខ្យល់នៅពីក្រោយ។
បើតាមមន្រ្តីជំនាញ ដីព្រៃក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមានឈ្មោះ CHPB development មានចំនួន ១២,១៩០ហិកតា សម្រាប់វិនិយោគដាំដំណាំកសិឧស្សាហកម្ម ដាំកៅស៊ូ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ តែបច្ចុប្បន្ននេះ ដីព្រៃក្រុមហ៊ុនមួយផ្នែកធំ កំពុងរងការកាប់ទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋចំណាកស្រុក យកធ្វើជាកម្មសិទ្ធិ និងបានសាងសង់សំណង់អនាធិបតេយ្យ សង់ជាកូនខ្ទម ដាំដើមចែក លើដីក្រុមហ៊ុននោះទៀតផង។
លោក ជា ចំរើន តំណាងក្រុមហ៊ុន CHPB development បានឱ្យដឹងថា ការកាប់រានដីព្រៃក្រុមហ៊ុនពីសំណាក់ប្រជាពលរដ្ឋចំណាកស្រុក និងការសាងសង់សំណង់អនាធិបតេយ្យលើដីក្រុមហ៊ុន CHPB development គឺបានធ្វើឡើងកាន់តែច្រើនឡើង ពីសំណាក់ប្រជាពលរដ្ឋចំណាកស្រុក ហើយកន្លងទៅក្រុមហ៊ុនបានសុំគោលការណ៍ទៅអាជ្ញាធរខេត្ត ដើម្បីជួយធ្វើអន្តរាគមន៍ តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញអាជ្ញាធរ នៅមិនទាន់បានដោះស្រាយ និងធ្វើការទប់ស្តាត់បាននៅឡើយទេ។
តំណាងក្រុមហ៊ុនរូបនេះ បានបន្តថា កាលពីឆ្នាំ២០១៣ ខណៈដែលក្រុមនិស្សិតចុះវាស់វែង ក្រុមហ៊ុនបានសម្របសម្រួលព្រមឆ្វៀលកាត់ដីឱ្យពួកគាត់រួចរាល់ ដើម្បីបញ្ចប់រឿង ប៉ុន្តែក្រោយមកនៅតែមានការបន្តកាប់រានដីព្រៃរបស់ក្រុមហ៊ុនទាំងថ្ងៃ ទាំងយប់ ចាប់ពីត្រង់ចំណុចឃុំជ្រោយបន្ទាយ និងឃុំវឌ្ឍនៈលក់ជាបន្តបន្ទាប់ ក្នុងផ្ទៃដីប្រមាណជាង ៨,៦៨៦ហិកតា។ ជាងនោះទៅទៀត ក្រុមមេក្លោងដែលជាអ្នកដឹកនាំក្រុមប្រជាពលរដ្ឋចំណាកស្រុក បាននាំគ្នាកាប់រានមកដល់របងស្នាក់ការក្រុមហ៊ុននឹងបានគំរាមកំហែងសម្លាប់សន្តិសុខក្រុមហ៊ុន និងប្រជាការពារ ក្នុងឃុំកំពង់ចាម ដែលចុះល្បាតក្នុងទឹកដីក្រុមហ៊ុនទៀតផង។
លោក ជា ចំរើន បានបញ្ជាក់ថា កន្លងទៅខាងក្រុមហ៊ុន ក៏បានរាយការណ៍ទៅដល់អាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកពិនិត្យ និងជួយអន្តរាគមន៍ទប់ស្កាត់ការកាប់រានដីព្រៃ ប៉ុន្តែពួកគេមិនខ្លាចញញើតឡើយ ហើយអាជ្ញាធរនៅមិនទាន់មានវិធានការ និងចំណាត់ការណាមួយតាមផ្លូវច្បាប់នៅឡើយទេ។
ជាក់ស្ដែងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ មានការផ្ទុះកំហឹងពីប្រជាពលរដ្ឋក្នុងឃុំកំពង់ចាមជាង២០០គ្រួសារ បានចេញមុខទាមទារដីពីឈ្មោះ យុន សុខុន និងបក្ខពួកពីរនាក់ទៀត ដោយប្រជាពលរដ្ឋទាំងនោះបានអះអាងថា ជាដីដែលពួកគាត់ធ្លាប់បានកាប់រៀនព្រៃពីមុនមកវិញ ទាំងដែលដឹងថា ដីនេះជាដីរបស់ក្រុមហ៊ុន ត្រង់ចំណុចវាលំហាច ឃុំកំពង់ចាម ធ្វើឱ្យក្រុមហ៊ុនមានការភ័យខ្លាចយ៉ាងខ្លាំង ព្រមទាំងធ្វើឱ្យបុគ្គលិក និងកម្មកររត់ចោលការដ្ឋានដោយមិនហ៊ាននៅបម្រើការងារតទៅទៀតឡើយ៕