(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាលស្តីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ក្នុងកាលៈទេសៈកូវីដ១៩ និងពេលខាងមុខ» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចចំណុចសំខាន់ៗចំនួន ៥ចំណុច។
យោងតាមសុន្ទរកថា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា៖ ខ្ញុំសូមគូសរំលេចនូវការងារជាអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញប្បទាន ដែលជាមធ្យោបាយមួយដ៏សំខាន់ សម្រាប់បម្រើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការឈានទៅសម្រេចបាន នូវរបៀបវារៈឆ្នាំ២០៣០ ដូចខាងក្រោម៖
១៖ ការប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច បង្កបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច និងពង្រឹងការប្រមូលចំណូលរដ្ឋ។ ទន្ទឹមនេះ យើងត្រូវធ្វើអាទិភាពវូបនីយកម្ម ចំណាយថវិកាជាតិ ដោយផ្តោតលើវិស័យពាក់ព័ន្ធដោយត្រង់ ជាមួយគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ២០៣០ ជាអាទិ៍ អប់រំ សុខាភិបាល ការគាំពារសង្គម កសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធ។
២៖ ការលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថា ផលប្រយោជន៍ដែលកើតចេញពីសាកលភាពវូបនីយកម្ម ត្រូវបានវិភាជប្រកបដោយសមធម៌ និងប្រសិទ្ធភាព។ ក្នុងស្មារតីនេះ ពិភពលោកចាំបាច់ត្រូវបន្តជំរុញ និងគាំទ្រគោលការណ៍សាកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិ ឲ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយម ឲ្យកាន់តែខ្លាំងក្លា។
៣៖ ការបន្តពង្រឹងស្ថិរភាព និងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ និងការលើកកម្ពស់តួនាទី និងជីវភាពវិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់បម្រើឲ្យគោលដៅ នៃរបៀបវារៈឆ្នាំ២០៣០ តាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្ត និងជំរុញការវិនិយោគ និងលំហូរមូលធនឯកជន ទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសការជំរុញវិនិយោគផ្ទាល់ពីបរទេស និងការលើកកម្ពស់យន្តការភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន។
៤៖ ការបន្តធានាឲ្យបាននូវនិរន្តភាពនៃការផ្តល់ជំនួយអន្តរជាតិ ជាពិសេសជំនួយផ្នែកហិរញ្ញវត្ថុ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបន្តជំរុញចលនការ នៃកិច្ចការកែទម្រង់បម្រើឲ្យរបៀបវារៈឆ្នាំ២០៣០។
៥៖ ការបន្តពង្រឹងភាពជាម្ចាស់របស់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកសាងភាពជាដៃគូរវាងបណ្តាតួអង្គអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី ពហុភាគី វិស័យឯកជន និងតួអង្គអភិវឌ្ឍន៍ដទៃទៀត។
បើតាមសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន, បន្ថែមលើនេះ យើងក៏ត្រូវធានាឲ្យបានផងដែរ នូវភាពស៉ីចង្វាក់គ្នា ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ រវាងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ជាមួយនឹងអាទិភាពនៃគោលនយោបាយជាតិ នៅក្នុងបរិបទនៃជំងឺកូវីដ១៩ និងក្នុងរយៈពេលហួសពីនេះ ដើម្បីគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព៕