(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២០ កម្ពុជាទទួលបានចំណូលជាង៣២៨លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញអង្ករជិត៤៩ម៉ឺនតោន ជាមួយកំណើនជិត២៣%។
សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកញ្ញានេះបានបន្តថា «ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទៅកាន់ទិសដៅ៦៩ប្រទេស សម្រេចបាន ៤៨៨ ៧៨៥ តោន និងទទួលបានចំណូលជាង៣២៨លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងកំណើនជិត ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩»។
សហព័ន្ធស្រូវអង្ករបន្តថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារលើសកលឃើញថា នៅក្នុងចំណោមចំណែកទិសដៅ ប្រទេសចិនបានកាន់កាប់ចំណែកទីផ្សារ៣៥% ដែលមានចំនួន ១៧១ ៨៩៦ តោន។ ទីផ្សារសហគមន៍អឺរ៉ុប (រួមទាំងអង់គ្លេស) ឈរនៅលំដាប់ទី២ មានចំណែកទីផ្សារ ៣៣% ដែលមានបរិមាណ ១៦១ ៦១៤ តោន ក្នុងនោះប្រទេសបារាំងជាទីផ្សារធំជាងគេ មានចំណែក ១៣% នៃទីផ្សារសរុប។ ក្រៅពីនោះ ទីផ្សារបណ្តាប្រទេសដែលជាសមាជិកអាស៊ាន មានចំនួន ៦៧ ៤៣៣ តោន និងទីផ្សារបណ្តាប្រទេសផ្សេងៗ ទាំង២៩ មានចំនួន ៨៧ ៨៣២ តោន ដែលមានកំណើន៦៩% ប្រៀបធៀបនឹងរយៈពេល៩ខែដូចគ្នា ឆ្នាំ២០១៩ ដែលនេះជាកំណើនមួយគួរឱ្យកត់សម្គាល់ ជាពិសេសគឺប្រទេសហ្កាបុងកើន៨១% និងអូស្រ្តាលីកើន៦២%។ ការនាំចេញនេះជាង ៧៨% ជាប្រភេទអង្ករក្រអូប។
ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ២០២០ ការនាំចេញអង្ករសរុបរបស់កម្ពុជា បានចំនួន ៤០ ៥៧២ តោនដែលក្នុងនោះប្រទេសចិនមានចំនួន៣១% សហគមន៍អ៊ឺរ៉ុបចំនួន ២៩% អាស៊ានចំនួន ១៦% និងបណ្តាប្រទេសផ្សេងមានចំនួន ២៤%។ ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែកញ្ញានេះគិតជាទឹកប្រាក់ទទួលបានជាង២៨លានដុល្លារសហរដ្ឋអាមេរិក៕