(ភ្នំពេញ)៖ វិទ្យុអាស៊ីសេរី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក បានធ្វើការផ្សព្វផ្សាយបំភ្លៃការពិតទាំងស្រុង មានចេតនាញុះញង់បង្កអសន្តិសុខ ដោយកាត់ចោលសំឡេងកិច្ចសម្ភាសន៍ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អស់ជាច្រើននាទីដែលថ្លែងលម្អិតអំពីមូលហេតុ នៃការវាយចោលអគារមួយ នៅទីបញ្ជាការដ្ឋានយុទ្ធសាស្រ្ត នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ មានមូលដ្ឋានទ័ពរាម។
សូមជំរាបថា នៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងកម្មវិធីផ្សាយព័ត៌មានប្រចាំថ្ងៃ វិទ្យុអាស៊ីសេរី បានធ្វើការចេញផ្សាយនូវព័ត៌មានមួយពាក់ព័ន្ធ «ការវាយកម្ទេចអគារនៅទីបញ្ជាការដ្ឋានយុទ្ធសាស្រ្ត នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ» ដោយកាត់ចោលសំឡេងកិច្ចសម្ភាសន៍ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ អស់ជាង១០នាទី យកត្រឹម៥០វិនាទីនៃកិច្ចសម្ភាសន៍ប៉ុណ្ណោះមកផ្សព្វផ្សាយ ខណៈដែលកិច្ចសម្ភាសន៍ទាំងស្រុងមានចំនួន១១នាទី និង៧វិនាទី។
ការផ្សព្វផ្សាយបែបនេះបានបង្ហាញយ៉ាងច្បាស់ក្រឡែតនូវទង្វើដ៏សែនអាក្រក់បំផុតរបស់វិទ្យុអាស៊ីសេរី ដែលតែងតែផ្សព្វផ្សាយមកមានលក្ខណៈលំអៀង ញុះញង់ អុចអាល មានចេតនាបង្កបញ្ហាមិនឈប់មិនឈរដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។
ជាក់ស្តែងលើការចេញផ្សាយយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ហើយ បញ្ជាក់ទៀតថា ការវាយកម្ទេចអគារទ័ព នៅមូលដ្ឋានទ័ពរាម ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍រៀបចំកន្លែងថ្មី សមស្របទៅតាមតម្រូវការជាក់ស្តែងរបស់ទីបញ្ជាការសន្តិសុខ លំហសមុទ្រ ខណៈដែលអគារនោះចាស់ទៀតផង បែរជាអាស៊ីសេរី ផ្សាយចោទប្រកាន់ទាំងស្រុងមកដល់កម្ពុជាថា «ការវាយកម្ទេចអគារទ័ពនេះ ដោយសារកម្ពុជាត្រូវរ៉ូវគ្នា និងសិទ្ធិស្នាលជាមួយចិន លួចចុះហត្ថលេខាសំងាត់ជាមួយចិន ដើម្បីអនុញ្ញាតឲ្យយោធាចិន ប្រើប្រាស់មូលដ្ឋានរាមនៅទីនោះ»។
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងឆ្លើយតបនឹងសំណួររបស់វិទ្យុអាស៊ីសេរី៖