(មណ្ឌលគីរី)៖ «រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួន ក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋានចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើន សេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ»។ នេះជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាននៅអំឡុងជួបសំណេះសំណាលជាមួយប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិច នៅក្នុងតំបនដែនជម្រកសត្វព្រៃកែវសីមា នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣ និងទី៤ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះគោលនយោបាយនេះបានក្លាយជាការពិតហើយបាន និងកំពុងតែអនុវត្តនិងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងជំរុញនិងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិដែលពោរពេញ ដោយសក្តានុពលទេសចរណ៍។

លោកបានថ្លែងថា គ្រាន់តែនៅក្នុងខេត្តមណ្ឌល គិរីតែមួយមានតំបន់ទេសចរណ៍ធម្មជាតិ ដែលកំពុងដំណើរការមានចំនួនជាង ៣០ កន្លែងដែលរួមមានភ្នំ ទឹកជ្រោះ ព្រៃឈើ និងសត្វព្រៃ និងវាលស្មៅជាដើម។ ខេត្តមណ្ឌលគិរីមានតំបន់ដែនជម្រកសត្វ ព្រៃចំនួន ៥ រួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រក សត្វព្រៃលំផាត់ និងរបៀងអភិរក្សជីវៈម្រុះឦសានដែលមានផ្ទៃដីសរុបទំហំជាង ១,១លានហិកតា មានទីតាំងជាច្រើនដែលមាន សក្តានុពលដែលអាចក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិបន្ថែមទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

សូមបញ្ជាក់ថាក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានស្នើសុំឱ្យបងប្អូនប្រជាពលតដ្ឋដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ សូមចូលរួមរក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំណល់ពាសវាលពាសកាលដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាតនៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការ ក្រសួងបរិស្ថាននៅក្នុងដែនជម្រកសត្វព្រៃ កែវសីមាមានទឹកធ្លាក់ធម្មជាតិប្រកបដោយ ទេសភាពដ៏ល្អស្អាតគួរជាទីទាក់ទាញចំនួន ១០ កន្លែងដូចជាទឹកធ្លាក់លែងអង លែងឃិនជាដើម ហើយបច្ចុប្បន្ននេះ ក្រសួង បរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ដែលជាដៃគូក្នុងការងារការពារនិងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា បាននិងកំពុងផ្តល់ការគាំទ្រទាំងស្មារតី និង បច្ចេកទេសដល់ប្រជាសហ គមន៍ដើម្បីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ។

សហគមន៍ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹងស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងក្នុងគម្រោងអភិរក្សសត្វស្វាកន្ទុយសនិងសត្វទោចថ្ពាល់លឿងបាននិង កំពុងទាក់ទាញភ្ញៀវទេសចរជាពិសេសភ្ញៀវទេសចរបរទេសមក ទស្សនាសត្វកម្រនៅលើពិភពលោកនេះ។ ក្នុងមួយឆ្នាំ ២០១៩ កន្លងទៅ សហគមន៍ទេសចរណ៍ ធម្មជាតិអណ្តូងក្រឡឹងបានទទួលភ្ញៀវ ទេសចរប្រមាណជាង ៤៥០នាក់ បានចំណូលជាង ១៧០០០ ដុល្លារអាមេរិក។ លោក នេត្រ ភក្ត្រា បានថ្លែងថា ចំណូល នេះបានធ្លាក់ទៅដល់ដៃប្រជាសហគមន៍។

ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែមានសារៈសំខាន់ជាអន្តរជាតិ សម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិកម្រនៅលើពិភពលោកនោះទេ ប៉ុន្តែជាទីកន្លែងដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ ព្រោះមានទីតាំងព័ទ្ធទីរួមខេត្តមណ្ឌលគិរី និងមានរុក្ខជាតិកម្រ និងផ្កាព្រៃចម្រុះពណ៌ ដ៏ស្រស់ស្អាត មានទឹកធ្លាក់ធម្មជាតិ។ លោក នេត្រ ភក្ត្រា បានថ្លែងថា ការអញ្ជើញ មកទស្សនាកម្សាន្តនៅតាមសហគមន៍ ទេសចរណ៍ធម្មជាតិនានានឹងជួយគាំទ្រ ដល់ការងារអភិរក្ស បង្កើតសេដ្ឋកិច្ចនៅ មូលដ្ឋាន បង្កើតជម្រើសមុខរបរថ្មីដល់ប្រជាសហគមន៍ និងផ្តល់ចំណូលសម្រាប់ជីវភាពរបស់ពលរដ្ឋ ក៏ដូចជាដើម្បីកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តមរដ្ឋេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះ និងអរគុណដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា៕