(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook ផ្លូវការរបស់សម្តេចបានបង្ហោះសារសូមព្រះរាជទានទោស ចំពោះកំហុសដោយអចេតនារបស់សម្តេច ដែលប្រើវ៉ែនតាខ្មៅ ក្នុងពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងចេញទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារសូមព្រះរាជទានទោសយ៉ាងដូច្នេះថា «ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានធ្វើនៅកំហុស ដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៌ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែយាង ចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោចិនតុង។ នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំឡើយ តែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោស ចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ»

សូមជម្រាបថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ ព្រះមហាវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

ក្នុងការដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅរដ្ឋប៉េកាំង នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃើញមានវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរួមផ្សេងទៀតផងដែរ៕