(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃកម្ពុជា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកយកបទពិសោធន៍សំខាន់ៗចំនួន៤ចំណុច លើប្រធានបទ «ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា» ជូនក្នុងកិច្ចប្រជុំលើកទី៧១ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច តាមរយៈប្រព័ន្ធវីដេអូ។

ពិធីនេះបានប្រព្រឹត្តទៅនាទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ដោយទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងចែករំលែកនូវបទពិសោធន៍សំខាន់ៗបួនចំណុចមានខ្លឹមសារដូចតទៅ៖

ទី១៖ ការប្តេជាចិត្តផ្នែកនយោបាយ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាល៖ ការគ្រប់គ្រងព្រឹត្តិការណ៍ ទទួលឱ្យនាវាទេសចរណ៍វ៉ែស្ទ័រដាម (Westerdam Cruise Ship) ចូលចតនៅព្រះរាជាណាចក្រកម្ពុជា នាខែកុម្ភៈ ឆ្នាំ២០២០ បានជោគជ័យ ជាភ័ស្តុតាងយ៉ាងច្បាស់ បានបង្ហាញលើសពីសកម្មភាពមនុស្សធម៌ ប៉ុន្តែគឺជាការគោរពសិទ្ធិមនុស្ស និងសាមគ្គីភាពអន្តរជាតិ តាមរយៈការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ (IHR 2005) ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

រហូតមកដល់ពេលនេះ កម្ពុជាគ្រប់គ្រង និងឆ្លើយតបជំងឺកូវីដ-១៩ បានជោគជ័យ ដោយមានគណៈកម្មការជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានគណៈកម្មការអន្តរក្រសួង ព្រមទាំងគណៈកម្មការថ្នាក់ក្រោមជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាសេនាធិការ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតប ដឹកនាំ និងសម្របសម្រួលអនុវត្តវិធានការនានា នៅទូទាំងរាជរដ្ឋាភិបាល និងសង្គមទាំងមូល។

ទី២៖ ការវិនិយោគកន្លងមកក្នុងការត្រៀមបម្រុង និងលទ្ធផលប្រព័ន្ធសន្តិសុខសុខភាព។ ក្រុមឆ្លើយតបរហ័សរបស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក សម្រាប់ជំងឺឆ្លងកើតមានថ្មី និងបញ្ហាបន្ទាន់នៃសុខភាពសាធារណៈនានា មន្រ្តីសុខាភិបាលដែលបានបណ្តុះបណ្តាលផ្នែកជំងឺឆ្លង និងការថែទាំបន្ទាន់ បានក្លាយជាកម្លាំងពលកម្មសុខភាពសាធារណៈស្នូល សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។ ដោយភាពរឹងមាំនៃធនធានមនុស្សនេះ ប្រទេសកម្ពុជាអាចរកឃើញ និងឆ្លើយតបយ៉ាងរហ័សករណីជំងឺកូវីដ-១៩ និងកំពុងបន្តផ្តល់សេវាសុខភាពសំខាន់ៗផ្សេងទៀត។

ទី៣៖ ការចូលរួមរបស់សហគមន៍ គឺមានសារៈសំខាន់ណាស់។ ឆ្លងតាមរយៈការរាតត្បាតជាសកលនេះ ប្រទេសកម្ពុជាបានកៀរគរធនធានសង្គមទាំងមូល ទាំងផ្នែកសាធារណៈ និងឯកជន។ កម្ពុជាបានខិតខំប្រឹងប្រែងជាពិសេស ដោយមានការចូលរួមរបស់អ្នកដឹកនាំសាសនានានា។

ទី៤៖ សាមគ្គីភាពជាតិ អន្តរជាតិគឺជាភាពចាំបាច់។ កិច្ចសហការយ៉ាងជិតស្និទ្ធ និងភាពជាដៃគូ នៅជុំវិញពិភពលោក ក្នុងកាលៈទេសៈនេះពិតជាចាំបាច់ជាងពេលណាណាទាំងអស់។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានសង្គត់ធ្ងន់ថា ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាអ្នកដឹកនាំ និងការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោក ក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសុខភាពពិភពលោក ជាពិសេសជូនចំពោះ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកប្រចាំតំបន់នៃតំបន់ប៉ាស៊ីហ្វិកខាងលិច និងប្រទេសជាសមាជិក ទាំងអស់ដែលបានសហការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩៕