(កំពង់ចាម)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាមានការណែនាំពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ មន្រ្តី ក.ប.ប ខេត្តកំពង់ចាម សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារស្រែវាល ស្ថិតនៅភូមិមេសជ្រៃ យុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក ស៊ាន ស៊ីណាត ប្រធានសាខា ក.ប.ប. ខេត្តកំពង់ចាមបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះក្រុមការងារជំនាញ បានពិនិត្យ គុណភាពទំនិញជាច្រើន ប៉ុន្តែមិនបានរកឃើញទំនិញណាមួយ មានសារជាតិគីមី និងហួសដីឡេឡើយ។

មន្ត្រីជំនាញបានណែនាំអប់រំបន្ថែម ដល់អាជីវករទាំងអស់ សូមធ្វើការត្រួតពិនិត្យ ទំនិញរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ និងចូលរួមសហការ អនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមស្តង់ដារបច្ចេកទេស ក៏ដូចជាលក្ខខ័ណ្ឌតម្រូវ នៃបទបញ្ញត្តបច្ចេកទេស ជាពិសេសភាពអនុលោមទៅនឹង ច្បាប់ស្តីពី «ការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា» និង ច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់»៕