(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន បានសរសេរលិខិតមួយច្បាប់ជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីធ្វើការអប់រំ ណែនាំដល់ លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ភូមិភាគ៨ ដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ នៅដែនជម្រកសត្វព្រៃកែវសីមា និងតំបន់ការពារធម្មជាតិមួយចំនួនទៀត ក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

លិខិតរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍របស់ក្រសួងបរិស្ថាន ស្តីពីការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនេះថា មានការពាក់ព័ន្ធនឹង ថ្នាក់ដឹកនាំ និងមន្ត្រី មួយចំនួន នៃខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ ដោយផ្អែកតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ទីស្ដីការគណៈរដ្ឋមន្ត្រី បានរាយការណ៍ជូន សម្ដេចតេជោ ហ៊ុន សែន អំពីករណីសកម្មភាពនៃការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ស្ថិតដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វ ព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច។

លិខិតរបស់សម្តេចក្រឡាហោមបានបញ្ជាក់ជូនសម្តេចវិបុលសេនាភក្តីទៀតថា៖ «ផ្អែកតាមចំណាររបស់ សម្ដេចតេជោ ហ៊ុន សែន, ក្រសួងមហាផ្ទៃ ក៏បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពទីតាំងដីព្រៃដែលរងនូវការកាប់រាន និងទន្ទ្រានកាន់កាប់ដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ព្រមទាំងបានធ្វើរបាយការណ៍ជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីគោរពរាយការណ៍ និងគោរពស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចលើលទ្ធផលនៃការចុះស្រាវជ្រាវរបស់ក្រុមការងារអន្តរក្រសួង។ ផ្អែកតាមលទ្ធផលនៃការចុះស្រាវជ្រាវរបស់ក្រុមការងារអន្តរក្រសួង បានរកឃើញថា លោក ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨ មានការពាក់ព័ន្ធនឹងដីព្រៃ ដែលរងនូវការកាប់រាន និងទន្ទ្រានកាន់កាប់ដោយខុសច្បាប់ស្ថិតក្នុងខេត្តមណ្ឌលគិរី ដោយបានប្រាស់តួនាទី អំណាច និងឥទ្ធិពលរបស់ខ្លួនជាសមាជិកព្រឹទ្ធសភា ធ្វើការណែនាំដល់មន្ត្រីមូលដ្ឋានឱ្យចុះហត្ថលេខាលើឯកសារដីធ្លីដែលពុំស្របច្បាប់»។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់គោលការណ៍ឯកភាព ឱ្យក្រសួងមហាផ្ទៃ ស្នើសុំសម្តេចវិបុលសេនាភក្តី ដើម្បីធ្វើការអប់រំ ណែនាំ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ៨។ នេះបើតាមលិខិតរបស់
សម្តេចក្រឡាហោម ស ខេង៕