(កំពត)៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការ Terre des hommes និងអង្គការ APLE បានរៀបចំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការសកម្មភាព ឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអ៉ីនធឺណេតនៅកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពត ក្រោមអធិបតីភាព លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ដែលជាក្រុមការងារបច្ចេកទេស គណៈកម្មការការពារកុមារថ្នាក់ជាតិ និងមន្រ្តី ក.ជ.ក។

ក្នុងគោលបំណងនៃកិច្ចប្រជុំនេះ ទី១៖ ស្នើសុំពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការសកម្មភាព ឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអ៉ឺនធឺណេត នៅកម្ពុជា និងទី២៖ ស្នើសុំការសម្រេច និងផ្តល់ការឯកភាពលើ សេចក្តីព្រាងផែនការសកម្មភាពឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអ៉ីនធឺណេតនៅកម្ពុជា៕