(ភ្នំពេញ)៖ «Task Force» ដែលជាក្រុមការងាររួម បង្កើតឡើងដោយទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) និងអគ្គស្នងការរដ្ឋាននគរបាលជាតិ នឹងមានទីតាំងប្រតិបត្តិការរួម នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ។
ក្រុមការងារ «Task Force» ត្រូវបានបង្កើតឡើងក្រោមអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-អាមេរិក ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងប្រតិបត្តិការប្រឆាំងនឹង ឧក្រិដ្ឋកម្ម ឆ្លងដែន កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ អំឡុងពេលនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំគណៈប្រតិភូទៅបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ MOU នេះត្រូវបានចុះហត្ថលេខាដោយ លោក Christopher Wray នាយកការិយាល័យ FBI នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នៅរដ្ឋធានី វ៉ាស៊ីនតោន តាមការផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា «ការបង្កើតក្រុមការងារ ត្រូវមានទីតាំងមួយដើម្បីប្រតិបត្តិការ ហើយទីតាំងនោះមិនមែនជាការិយាល័យទេ គ្រាន់តែជាការរៀបពុយរ៉ូ សម្រាប់ក្រុមការងារធ្វើការ»។
លោកបញ្ជាក់ថា Task Force នេះ មានសមាសភាពតំណាងមកពី FBI តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ ដែលមានគោលដៅប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែន។
ស្ថាប័ន FBI មានមោទនភាព ដែលមានទំនាក់ទំនងដ៏ប្រពៃ និងយូរអង្វែង ជាមួយដៃគូនគរបាលអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យទីភ្នាក់ងារ ស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីខែមេសា ឆ្នាំ២០១៩។
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបំពាក់មេដាយសហមេត្រី ថ្នាក់សេនា ជូនដល់មន្ត្រី FBI សហរដ្ឋអាមេរិក ដែលមានស្នាដៃល្អ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ លើវិស័យការពារសន្តិសុខសុវត្ថិភាពនេះផងដែរ។
មេដាយសហមេត្រីថ្នាក់សេនា មានចំនួន២គ្រឿង ដែលត្រូវបំពាក់ដល់មន្ត្រី FBI សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា។ មន្ត្រី FBI ទាំង២រូប ដែលទទួលបានការបំពាក់មេដាយ គឺលោក John D. Wilson ដែលជាសេនានុព័ន្ធផ្នែកច្បាប់ FBI និងលោក Sean L. Yan សេនានុព័ន្ធរងផ្នែកច្បាប់ FBI។
អគ្គស្នងនគរបាលជាតិ បានថ្លែងកត់សម្គាល់៣ចំណុច នៃជោគជ័យកិច្ចសហប្រតិបត្តិការរវាង FBI ជាមួយនគរបាលជាតិកម្ពុជា ដែលធ្វើឲ្យបទល្មើសបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ រួមមាន៖
* ទី១៖ កិច្ចសហប្រតិបត្តិការ ក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើស ជាពិសេសការទប់ស្កាត់អំពើអានាចារ្យរំលោភផ្លូវភេទលើកុមារ និងករណីមួយចំនួនទៀត ដែលមានយ៉ាងហោចប្រមាណ១០ករណី
* ទី២៖ FBI បានជួយក្នុងការបណ្តុះបណ្តាល ធនធានសមត្ថភាពដល់នគរបាលជាតិកម្ពុជា
* ទី៣៖ FBI បានជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងឧបករណ៍បច្ចេកទេស ក្នុងការបញ្ចូលមុខសញ្ញា ទៅក្នុងទិន្នន័យកុំព្យូទ័រ បានជាង១ម៉ឺននាក់ផងដែរ៕