(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការងារព្រំដែន (អ.ប.ក) នៃអគ្គបញ្ជាការ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់លោកស្រី កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានទទួលមរណភាព នៅម៉ោង១៖០៧នាទី រំលងអាធាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅទីក្រុងបាងកក ប្រទេសថៃ។

ក្នុងសាររំលែកមរណទុក្ខដ៏ក្រៀមក្រំនេះដែរ ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានលើកឡើងថា លោកស្រី កែវ ម៉ាលី ជាឥស្សរជនមួយរូបដែលបានចូលរួមចំណែកជាមួយកងយោធពលខេមរភូមិន្ទ ព្រមទាំងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ងួន ញ៉ិល ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តមួយនេះ។

ឧត្តមសេនីយ៍ឯក សៀក សុជាតិ សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រធម៌ ព្រះសង្ឃ តាមថែរក្សាដួងវិញ្ញាណក្ខន្ធសពលោកស្រី កែវ ម៉ាលី បានទៅសោយសុខក្នុងសុគតិភពជានិច្ចរៀងទៅ។

តាមដំណឹងមរណភាពរបស់ លោកស្រី កែវ ម៉ាលី បញ្ជាក់ថា លោកស្រី ទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៦៥ឆ្នាំ។ សពលោកស្រីនឹងត្រូវដឹកចេញពីទីក្រុងបាងកក ប្រទេសថៃ មកដល់កម្ពុជា នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ។

តាមការជូនដំណឹងរបស់គ្រួសារសព បានឱ្យដឹងថា នៅពេលដឹកនាំមកកម្ពុជា សពលោកស្រី នឹងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋានផ្ទះលេខ១០៥B ផ្លូវជាតិលេខ១ ភូមិតាវៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយសពរបស់ លោកស្រី នឹងត្រូវដង្ហែទៅបញ្ចុះ នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត៕