(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អំពាវនាវដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ត្រូវប្រុងប្រ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព ជាពិសេសករណីពស់ចឹក សូមប្រញាប់មកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ដើម្បីទទួលសេវាសង្គ្រោះទាន់ពេលវេលា។

ជាពិសេស រដ្ឋមន្ដ្រីសុខាភិបាល បានណែនាំពីរបៀបសង្គ្រោះបឋមអំឡុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យថា «ពេលពស់ចឹក ត្រូវចងឬទប់នូវកន្លែងដែលពស់ចឹកនោះ ឱ្យជាប់ហើយបន្ធរម្ដងបន្ដិចៗ និងបន្ដធ្វើដូច្នេះរហូត ដើម្បីកុំឱ្យពឹសជ្រាបទៅដល់ទីតាំងផ្សេង ពេលកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅក្បែរផ្ទះលោកអ្នក។ តែហាមដាច់ខាត ការព្យាបាលដោយខ្លួនឯង វានឹងបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត»

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញចុះមកពិនិត្យទីតាំងព្យាបាលជំងឺកូវីដ១៩ សម្រាប់មន្ដ្រីការទូត និងភ្ញៀវពិសេស (VIP) នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា «សម្រាប់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅទូទាំងប្រទេស យើងបានត្រៀមរួចជាស្រេចនូវឱសថ និងវ៉ាក់សាំងពស់ចឹក ដើម្បីសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា»។ សម្រាប់នៅតាមបណ្ដាខេត្ដដែលរងគ្រោះដោយទឹកជំនន់ច្រើន នឹងត្រូវការសង្គ្រោះសុខភាពលរដ្ឋ យើងក៏បានបន្ដបញ្ជូនឱសថ និងវ៉ាក់សំាងមួយចំនួនបន្ថែមទៀតផងដែរ»

ជាក់ស្ដែងនៅថ្ងៃនេះ ក្រសួងសុខាភិបាល បានផ្ដល់ឱសថ វ៉ាក់សាំងពស់ចឹក និងសម្ភារបរិក្ខារមួយចំនួនទៀត ដល់ខេត្ដដែលងាយរងគ្រោះបំផុត គឺខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាប់មានជ័យ ស្ទឹងត្រែង ក្រចេះ និងខេត្ដកោះកុង។

លើសពីនោះ សូមទទួចដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយត្រូវសម្អាតលំនៅឋាន ឬទីទួលមានសុវត្ថិភាពដែលខ្លួនរស់នៅ កុំឲ្យមានជម្រកសព្វពស់ និងសត្វអាសិរពិសផ្សេងទៀត រួមទាំងការពារអ្នក និងគ្រួសារអ្នកពីជំងឺផ្សេងៗទៀត ដែលកើតមានពេលទឹកជំនន់នេះ។

ព្រមជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានស្នើដល់ភាគីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរដែលនៅក្បែរប្រជាពលរដ្ឋ ត្រូវបន្ដយកចិត្ដទុកដាក់ និងជួយសង្គ្រោះឱ្យទាន់ពេលវេលា ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដោយទឹកជំនន់ ដែលមានស្ដ្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ជរាជាដើម៕