(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានសហការជាមួយអគ្គរដ្ឋអាជ្ញាអូស្រ្តាលី រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ តាមរយៈ Video Conference នៅថ្ងៃអង្គារ ទី១៣ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារ Courtyard by Marriot រាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានការចូលរួមពីមន្រ្តីជំនាញនៃអាជ្ញាធរកណ្តាលនៃក្រសួងយុត្តិធម៌ចំនួន ៣០រូប និងមានការអញ្ជើញចូលរួមជាកិត្តិយសផងដែរដោយលោក Luke Arnold អនុប្រធានបេសកកម្មស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌។

សិក្ខាសាលានេះ មានគោលបំណងបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់មន្រ្តីនៃអាជ្ញាធរកណ្តាលពាក់ព័ន្ធនឹងតួនាទីរបស់អាជ្ញាធរកណ្តាល ស្ថាប័នអនុវត្ត និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ស្របតាមច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផ្តល់ឱកាសឱ្យមន្រ្តីនៃអាជ្ញាធរកណ្តាលកម្ពុជា ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយមន្រ្តីជំនាញនៃអាជ្ញាធរកណ្តាលអូស្ត្រាលី ទាំងក្នុងទិដ្ឋភាពច្បាប់ ទាំងក្នុងទិដ្ឋភាពនៃការអនុវត្តជាក់ស្តែង៕