(ភ្នំពេញ)៖ អ្នកនាង ធី សុវណ្ណថា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានថ្កោលទោសចំពោះក្រុមប្រឆាំង ដែលយកវីដេអូចាស់របស់នាង រិះគន់រឿងទឹកលិចនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤ មកបំផុសបំផុលសាជាថ្មី។ អតីតសកម្មជនឆ្នើមរបស់ក្រុមប្រឆាំងរូបនេះ បានចាត់ទុកថា ការបំផុសវីដេអូចាស់នេះធ្វើឡើងដោយក្រុមប្រឆាំង និងភេរវករ ដើម្បីបង្កាច់បង្ខូចកិត្តិយសនាង ដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាពេលនេះ។

អ្នកនាង ធី សុវណ្ណថា បានបញ្ជាក់ដូច្នេះថា៖ នេះជាវីដេអូចាស់ កាលឆ្នាំ២០១៤ ខ្ញុំបានរិះគន់ការលិចទឹកទីក្រុងភ្នំពេញ ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយ។ នាងខ្ញុំសូមអភ័យទោស ចំពោះវីដេអូចាស់ៗ ផូស ស៊ែ ផ្សាយដោយក្រុមប្រឆាំង ក្រុមភេរវករចិត្តខ្មៅ មានបំណងញុះញង់ លាបពណ៌បង្ខូចកិត្តិយសនាងខ្ញុំ»។

ការយកវីដេអូចាស់ឆ្នាំ២០១៤ របស់អ្នកនាង ធី សុវណ្ណថា មកបំផុសនេះ បានធ្វើឡើងបន្ទាប់ពីរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះបានរងការវាយប្រហារដោយជំនន់ទឹកភ្លៀង បន្ទាប់ពីជួបប្រទះនឹងព្យុះជាបន្តបន្ទាប់។

អ្នកនាង ធី សុវណ្ណថា បានបន្តថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំសហកាជាមួយ អង្គការជប៉ុន JICA កសាងប្រពន្ធលូធំៗបានរំដោះទឹកចេញពី ក្រុងបានលឿន ប៉ុន្តែថ្មីៗនេះតំបន់អាស៉ីរងឥទ្ធិពលព្យុះធំៗជាបន្តបន្ទាប់ មានទឹកជំនន់ប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ។

អ្នកនាង ធី សុវណ្ណថា ដែលជាសកម្មជនដ៏ឆ្នើមរបស់អតីតគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ បានប្រកាស ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលនាងបានដឹកនាំក្រុមយុវជន និងគាំទ្រតាមមូលដ្ឋានរបស់ខ្លួន រហូតដល់ជាង១០ម៉ឺននាក់ មកពី១០០ឃុំ-សង្កាត់ទូទាំងប្រទេសចូលរួមជាមួយផងដែរ។

ក្នុងលិខិតស្នើសុំ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់ខ្លួន អ្នកនាងធី សុវណ្ណថា បានបញ្ជាក់ពីមូលហេតុថា «នាងបានស្វែងយល់ការពិតពីស្ថានភាព ពិតនៃប្រទេសកម្ពុជា មានសុខសន្ដិភាព កំណែទម្រង់ល្អ និងមានភាពរីកចម្រើនកាន់តែប្រសើរ ពិសេសគឺគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច មានគោលនយោបាយល្អ ច្បាស់លាស់ និងបានកែប្រែជីវភាពប្រជាជនឲ្យកាន់តែរីកចម្រើនឡើង»

អ្នកនាង ធី សុវណ្ណថា បានបញ្ជាក់ទៀតថា «នាងខ្ញុំពិតជាមានការសោកស្ដាយណាស់ ចំពោះពាក្យសម្ដីខុសឆ្គងកន្លងមក ដោយនាងខ្ញុំនៅក្មេងគំនិតរាក់ និងមានទទួលការញុះញ៉ង់ បណ្ដុះបណ្ដាលមនោគមវិជ្ជា ចងគំនុំហិង្សា (លាបពណ៌ជនជាតិខ្មែរថាជាយួន) ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ នាងខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំ និងសមាជិកអ្នកគាំទ្រទាំងអស់នៃគណបក្សប្រជាជនកម្ពុជា»