(កំពង់ធំ)៖ លោកស្រី ហាក់ ពុទ្ធិតុសិតា អភិបាលរងស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥០គ្រួសារ និងជនងាយរងគ្រោះចំនួន ២៣គ្រួសារ ស្ថិតនៅភូមិបារាយណ៍តូច ភូមិបាណក ភូមិពោធិ៍ពី និងភូមិក្រសាំងជ័យ ក្នុងឃុំបារាយណ៍។

សកម្មភាពនេះក៏មានការនិមន្តចូលរួមពីព្រះចៅអធិការវត្តបារាយណ៍ វត្តបាណក វត្តចតុលោក និងក្រុមការងារ។

ជាមួយក្នុងការចុះសួរសុខទុក្ខលោកស្រី ហាក់ ពុទ្ធិតុសិតា បានណែនាំដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជា អាចនឹងមានទឹកជន់ឡើងបន្ថែមទៀត ជាពិសេសត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម ប្រសិនបើមានទឹកជំនន់ត្រូវរត់រកទីទួលសុវត្ថិភាព និងត្រូវប្រញាប់រួសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតដោយមិនត្រូវធ្វើការព្យាបាលដោយខ្លួនឯងឡើយ ព្រោះវាប្រឈម និងគ្រោះថ្នាក់ខ្លាំង។

លោកស្រីបានអំពានាវដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង ដើម្បីការពារពីជំងឺគ្រុនចាញ់ ឬគ្រុនឈាម ឬគ្រុនឈិ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។

លោកស្រី ហាក់ ពុទ្ធិតុសិតា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋសូមឲ្យទៅចុះឈ្នោះ និងពិនិត្យឈ្នោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ប្រជាពលរដ្ឋមានការសប្បាយចិត្តរីករាយ និងបានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក និងព្រះតេជគុណ និងបានទទួលអំណោយដែលបានផ្តល់ក្នុងមួយគ្រួសាមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកាមួយចំនួន៕