(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ ដឹកនាំដោយលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ កំពុងសង្គ្រោះប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោ ដែលរងគ្រោះដោយសារទឹកជំនន់។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ បានរងគ្រោះដោយសារទឹកជំនន់ ហើយក្រៅពីនេះមិនមានតំបន់ ណារងគ្រោះដោយសារទឹកជំនន់នេះឡើយ។ បើតាមលោក ឃួង ស្រេង កម្លាំងសមត្ថកិច្ចចម្រុះ សរុបជាង៦០០នាក់ មានទាំងនគរបាល អាវុធហត្ថ និងយោធាន ជាច្រើនរូបកំពុងសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។

គួរជម្រាបថា តាំងពីយប់ថ្ងៃទី១៤ ខែតុលា រហូតមកដល់ព្រឹកនេះ លោក ឃួង ស្រេង នៅបន្ដដឹកនាំកម្លាំងដើម្បីសង្គ្រោះប្រជាពលរដ្ឋដដែល។ ដោយឡែក ស្ថានភាពទឹក មិនទាន់ស្រកចុះនៅឡើយទេ៕