(ព្រះវិហារ)៖ កម្ពស់ទឹកដងស្ទឹងសែននៅខេត្តព្រះវិហារ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បន្តហក់ឡើងខ្ពស់ គឺមានកម្ពស់១១.១៤ម៉ែត្រហើយ ខណៈកម្រិតត្រូវប្រកាសអាសន្ន គឺមានកម្ពស់១១.៥០ម៉ែត្រ។ ចំពោះស្ថានភាពបែបបនេះ អាជ្ញាធរខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង និងដងទន្លេសូមប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារ ដល់អង្គភាពព័ត៌មាន Fresh News។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នភក្នុងខេត្តទាំងអស់ ពិសេសបងប្អូនដែលកំពុងរស់នៅតាមដងទន្លេមេគង្គ និងតាមដងស្ទឹងសែន ក៏ដូចជាតំបន់ងាយរងគ្រោះមួយចំនួនមេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ជៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេង។

ដោយឡែកលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃម្សិលមិញនេះ បានដឹកនាំក្រុមការងារ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកជ័យសែន ដែលបានលិចភូមិប្រជាពលរដ្ឋនៅឃុំមួយចំនួន។

ក្នុងនាមលោក ប្រាក់ សុវណ្ណ, លោក គោ ស៊ុប៊ុនសឿត បានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវតាមដានជាប្រចាំនៅស្ថានភាពទឹក រាយការណ៍ និងផ្តល់ព័ត៌មានឱ្យបានឆាប់បំផុត ដើម្បីមានលទ្ធភាពជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោក គោ ស៊ុប៊ុនសឿត ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ សត្វចិញ្ចឹមផ្សេងៗ ជាពិសេសកូនចៅតូចៗកុំឱ្យចុះលេងទឹកផ្តេសផ្តាស។

បើតាមលោក រស់ ហេង អភិបាលស្រុកជ័យសែន បានថ្លែងថា ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកជំនន់បានបង្កឱ្យប៉ះពាល់ដល់ឃុំមួយចំនួនគឺ៖ ឃុំពុទ្រា ទឹកលិចផ្លូវប្រវែង២០០ម៉ែត្រ, ឃុំធ្មា ទឹកច្រោះខូចផ្លូវ៥០ម៉ែត្រ, ឃុំច្រាច់ ទឹកច្រោះខូចផ្លូវអស់៧០ម៉ែត្ រនិងឃុំស្អាង ទឹកហូរច្រោះលូនៅចុងភូមិ និងទឹកលិចផ្លូវកៅស៊ូលេខ៩៥ ចំណែកឃុំតស៊ូទឹកលិចផ្លូវ៨៧ម៉ែត្រ និងលិចផ្ទះប្រជាពលរដ្ឋ២៧ខ្នង។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុកក៏បានថ្លែងនូវការអរគុណដល់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ និងប្រធានក្រុមការងារខេត្ត និងប្រធានក្រុមការងារចុះជួយស្រុក ដែលតែងតែសហការជាមួយអាជ្ញាធរចុះពិនិត្យតាមដានជាប្រចាំចំពោះស្ថានភាពទឹកជំនន់ក្នុងស្រុកជ័យសែន៕