(ភ្នំពេញ)៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន ស្តីពី ទិវាស្បៀងអាហារពិភពលោក និងខួបទី៧៥របស់ខ្លួន។

ក្នុងសេចក្តីប្រកាសព័ត៌មានអង្គការនេះ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ដើម្បីធានារបបអាហារប្រកប ដោយសុខភាព ខណៈពេលដែលមានការផ្ទុះឡើងនៃជំងឺកូវីត-១៩។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះឲ្យដឹងថា «អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អំពាវនាវឱ្យមានការចូលរួមពីគ្រប់វិស័យទាំងអស់ ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងអាហារកាន់តែរឹងមាំ មានភាពធន់ និងមាននិរន្តរភាព ជាពិសេសដើម្បីធានារបបអាហារប្រកបដោយសុខភាព ហើយប្រជាជនកម្ពុជាទាំងអស់មានលទ្ធភាពទទួលបាន ជាពិសេសសម្រាប់ជនងាយរងគ្រោះបំផុត។ ប៉ុន្តែគោលដៅនេះ អាចសម្រេចទៅបាន លុះត្រាតែយើងមានប្រព័ន្ធស្បៀងអាហារដែលមានភាពធន់ និងរឹងមុំា។ យើងត្រូវតែផ្លាស់ប្តូររបៀបនៃការផលិត របៀបនៃការកែច្នៃ ការធ្វើអាជីវកម្ម និងរបៀបនៃការបរិភោគអាហារ ដើម្បីធានាថាយើងអាចបំពេញតម្រូវការរបស់យើងនាពេលអនាគតដោយមិនខ្ជះខ្ជាយ មិនបំផ្លាញជីវៈចម្រុះ និងធនធានធម្មជាតិផ្សេងទៀតដែលយើងពឹងផ្អែកក្នុងការរស់នៅ»

FAO បន្តថា នៅកម្ពុជា ទោះបីមានការរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ កង្វះអាហារូបត្ថម្ភ នៅតែជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ ដោយមានកុមារអាយុក្រោមប្រំាឆ្នាំប្រមាណ ៣២ភាគរយ មានជំងឺក្រេះក្រិន ហើយ១០ភាគរយផ្សេងទៀតមានបញ្ហាស្គមស្គាំង។ នៅមានបញ្ហាប្រឈមជាច្រើន ក្នុងការធានាដល់ការផ្តល់អាហារ ឱ្យបានគ្រប់គ្រាន់ប្រកបដោយជីវជាតិដល់កុមារ ដើម្បីឱ្យពួកគេលូតលាស់ និងធំធាត់ប្រកបដោយសុវត្ថិភាព។ កង្វះមីក្រូសារជាតិ ក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់កុមារ និងស្ត្រីក្នុងវ័យបន្តពូជ។ លើសពីនេះទៀត ការលើសទម្ងន់ និងជំងឺធាត់ គឺជាក្តីព្រួយបារម្ភដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសចំពោះស្ត្រីដែលស្ថិតក្នុងវ័យបន្តពូជ។

ប្រជាជនកម្ពុជា ភាគច្រើនរស់នៅតាមទីជនបទ ហើយពួកគេងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ជាញឹកញាប់ ទឹកជំនន់ និងគ្រោះរាំងស្ងួតតែងគំរាមកំហែងដល់ប្រព័ន្ធស្បៀងអាហារ ហើយវានឹងមានការកើនឡើងកាន់តែញឹកញាប់នាពេលអនាគត។ កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៩នៅលើពិភពលោក ជាប្រទេសដែលងាយរងគ្រោះបំផុត បើយោងទៅតាមសន្ទស្សន៍ហានិភ័យ គ្រោះមហន្តរាយពិភពលោកឆ្នាំ២០១៦។ នេះសបញ្ជាក់ពីភាពចាំបាច់ក្នុងការកសាងភាពធន់ របស់សហគមន៍ចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ និងធានាថាពួកគេអាចទទួលបានអាហារគ្រប់គ្រាន់ មានសុវត្ថិភាព និងអាហារូបត្ថម្ភគ្រប់គ្រាន់ពេញមួយឆ្នាំ។

នៅប្រទេសកម្ពុជា ផលប៉ះពាល់នៃជំងឺកូវីត-១៩ទៅលើសេដ្ឋកិច្ច ដែលបណ្តាលឱ្យមនុស្សជាច្រើនបានបាត់បង់ការងារ ឬប្រាក់ចំណូល ជាហេតុធ្វើឱ្យភាពទទួលបានស្បៀងអាហាររឹតតែលំបាកថែមទៀត ជាពិសេសសម្រាប់គ្រួសារដែលងាយរងគ្រោះ។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការណ៍គាំពារសង្គមបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ ខណៈដែលប្រទេសនានាចាប់ផ្តើមរៀបចំ និងអនុវត្តផែនការស្តារឡើងវិញពីវិបត្តិកូវីត-១៩ នៅមានឱកាសជាច្រើន ក្នុងការចាប់យកនូវដំណោះស្រាយថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលធ្វើឱ្យប្រព័ន្ធស្បៀងអាហារមានភាពធន់ទៅនឹងវិបត្តិនានា ព្រមទំាងធ្វើឱ្យប្រជាជនអាចរំដោះខ្លួនចេញពីវិបត្តិនេះ។ ដើម្បីសម្រេចបានជោគជ័យ យើងត្រូវបន្តភាពច្នៃប្រឌិត ភាពជាដៃគូរឹងមុំា និងការឆ្លើយតបនៅក្នុងប្រព័ន្ធស្បៀងអាហារ។ តម្រូវការបន្ថែមទៀតរបស់យើង គឺមិនត្រឹមតែចាប់យកឱកាសថ្មីដែលផ្តល់ តាមរយៈការធ្វើសកលនីយកម្មឌីជីថល និងការធ្វើពាណិជ្ជកម្មនៅលើប្រព័ន្ធអេឡិចត្រូនិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការអនុវត្ត ប្រព័ន្ធកសិកម្មសមស្រប ដែលនឹងជួយការពារធនធានធម្មជាតិ សុខភាពយើង និងអាកាសធាតុនៅលើផែនដី។

លោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំនៅកម្ពុជា ថ្លែងថា «ទិន្នន័យ ប្រព័ន្ធបច្ចេកវិទ្យា និងការច្នៃប្រឌិត រួមជាមួយនឹងការសម្របសម្រួលយ៉ាងស្វាហាប់ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ ក្នុងការសម្រេចបានកាន់តែប្រសើរថែមទៀតនូវផលិតកម្មកសិកម្ម អាហារូបត្ថម្ភ បរិស្ថាន និងជីវភាពរស់នៅ»

លោកបានបន្ថែមថា «ការធានាឱ្យទទួលបាននូវអាហារសុវត្ថិភាព និងអាហារូបត្ថម្ភ គឺមានសារសំខាន់ណាស់ ហើយប្រការនេះ គឺចាំបាច់ និងបន្តនៅតែចាំបាច់ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីត-១៩ ជាពិសេសសម្រាប់សហគមន៍ក្រីក្រ និងងាយរងគ្រោះ ដែលជាក្រុមទទួលរងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរបំផុតដោយសារតែវិបត្តិមួយនេះ»

អង្គការ FAO និងដៃគូនានា បានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីត-១៩ និងធានាឱ្យបាននូវប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព។

អង្គការ FAO បាននឹងកំពុងធ្វើការជាមួយកសិករ និងសម្របសម្រួលជាមួយស្ថាប័នសាធារណៈ និងវិស័យឯកជនដើម្បីឆ្លើយតប ដោយមានការធ្វើអន្តរាគមន៍ដូចជាការអភិរក្សធនធានធម្មជាតិ គម្រោងជំនួយសង្គមសម្រាប់ជនងាយរងគ្រោះបំផុត ការធ្វើទំនើបកម្ម និងការផ្លាស់ប្តូរផលិតកម្មកសិកម្ម និងខ្សែច្រវាក់ស្បៀងអាហារ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតដែលមាន។

អង្គការ FAO ក៏កំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការផលិតទិន្នន័យកសិកម្មថ្មីៗ និងអាចជឿទុកចិត្តបាន ដើម្បីជាជំនួយដល់ការរៀបចំគោលនយោបាយ និងការសម្រេចចិត្តនានា ព្រមទាំងការគាំទ្រដល់ការកសាងសមត្ថភាពជាតិក្នុងការផ្លាស់ប្តូរវិស័យកសិកម្មកម្ពុជាប្រកបដោយបរិយាបន្ន ការប្រកួតប្រជែង ភាពធន់ និងនិរន្តរភាព៕