(ភ្នំពេញ)៖ ទូកបំពាក់ម៉ាស៊ីនសម្រាប់ប្រតិបត្តិការសង្គ្រោះក្នុងគ្រោះទឹកជំនន់ចំនួន ៤០គ្រឿង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានប្រគល់ជូនខេត្តចំនួន៤នៅទិសពាយព្យប្រទេសដែលរងការជនលិចរួចរាល់ហើយ។

ទូកបំពាក់ម៉ាស៊ីននេះ ត្រូវបានប្រគល់ទៅខេត្តពោធិ៍សាត់ចំនួន ១០គ្រឿង ខេត្តបាត់ដំបង ១០គ្រឿង ខេត្តបន្ទាយមានជ័យ ១០គ្រឿង និងប៉ៃលិន ១០គ្រឿង។ ទូកទាំង៤០គ្រឿង ត្រូវបានលោកឧត្តមសេនីយ៍ទោ គង់ កន្នារិទ្ធ, ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន, លោកឧត្តមសេនីយ៍ទោ គីម សុផារុន និងលោកឧត្តមសេនីយ៍ត្រី គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកយកទៅចែកជូនដល់អភិបាលខេត្តទាំង៤នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ។

ក្រៅតែពីប្រគល់ទូកហើយនោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំអំណោយជាស្បៀងអាហារមួយចំនួនដល់ជនរងគ្រោះនៅក្នុងខេត្តទាំង៤នេះផងដែរ។

ទូកបំពាក់ដោយម៉ាស៊ីនទាំង៤០គ្រឿង ទុកសម្រាប់កងកម្លាំងសង្គ្រោះដែលបានដាក់នៅតាមគោលដៅលិចលង់នោះ ចេញប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋ និងចល័តល្បាតកន្លែងលិចលង់រកប្រជាពលរដ្ឋរងគ្រោះ។

ក្នុងហេតុការណ៍គ្រោះទឹកជំនន់រយៈពេលជាងមួយសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកទទួលខុសត្រូវកំពូលចំពោះសុខទុក្ខប្រជាជន និងជាអគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រោះមហន្តរាយនោះ ក្រៅតែពីដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពហើយ សម្តេចតេជោ ក៏បានទម្លាក់កញ្ចប់ថវិកាបានពីការចូលរួមរបស់សប្បុរសជនប្រមាណ ៧០ម៉ឺនដុល្លារជូនទៅរាជធានី-ខេត្តរងការជន់លិចចំនួន៩ផងដែរ។

រាជធានី-ខេត្តទទួលបានថវិកាពីសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ បាត់ដំបង បៃលិន បន្ទាយមានជ័យ (រាជធានី-ខេត្តទាំង៥នេះ ទទួលបានមួយខេត្ត ១០ម៉ឺនដុល្លារ)។ ដោយឡែកខេត្ត៤ទៀត រួមមាន៖ កំពង់ស្ពឺ ស្ទឹងត្រែង កំពង់ធំ និងព្រះសីហនុ ក្នុងមួយខេត្តទទួលបាន ៥ម៉ឺនដុល្លារអាមេរិក។

បន្ថែមពីលើនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានបញ្ចេញថវិកា ៣០០លានរៀលទៅកាន់ខេត្តរងការលិចលង់ខ្លាំងរួមមាន៖ ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចុះជាប់ជាប្រចាំទៅកាន់ខេត្តលិចលង់ ដើម្បីពិនិត្យស្ថានភាពលិចលង់ និងការរងគ្រោះនេះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអគ្គមគ្គុទ្ទេសដឹកនាំ និងជាអគ្គភស្តុភាជាតិ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចរាល់ពេលប្រជាពលរដ្ឋមានទុក្ខលំបាក។ លោកទេសរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ពួកយើងខ្ញុំជាអ្នកប្រតិបត្តិករលើការងារគ្រោះមហន្តរាយនេះ គឺពិតជាគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងពីរ។ លោកទាំងពីរតែងតែផ្តល់ភាពកក់ក្តៅ និងផ្គត់ផ្គង់រាល់តម្រូវការរបស់ពួកយើង ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ ពួកយើងខ្ញុំ និងប្រជាពលរដ្ឋរងគ្រោះទាំងអស់ ពិតជាមានភាពកក់ក្តៅក្នុងចិត្តជាពន់ពេកក្រោមការដឹកនាំរបស់សម្តេច ព្រោះសម្តេចមិនដែលទុកឱ្យពួកយើងខ្ញុំឯកោនោះទេ»។

ជាមួយគ្នានេះអភិបាល នៃគណៈអភិបាលខេត្តទាំង៤ ដែលទទួលបានទូក ស្បៀងអាហារ និងថវិកាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្តែងការគោរពដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគិតគូរយ៉ាងខ្ពង់ខ្ពស់របស់សម្តេចទាំងពីរចំពោះការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរងការជន់លិចនេះ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែតុលា ស្ថានភាពទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន បានស្រកខ្លះហើយ ដោយឡែកនៅខេត្តបន្ទាយមានជ័យ មិនទាន់មានការថមថយនៅឡើយទេ។ ដោយឡែកនៅតំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏កំពុងរងការជន់លិចគួរឱ្យកត់សម្គាល់ផងដែរ៕