(កណ្ដាល)៖ នៅថ្ងៃទី១៥ ខែតុលា នេះ លោក ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និងក្រុមការងារជាច្រើននាក់ នាំយកអំណោយ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនពលរដ្ឋរាប់រយគ្រួសារនៅឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

លោក ណុប រ័ត្ននិមល បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលតែងតែគិតគូរយកចិត្តទុកដាក់ មកចំពោះប្រជាពលរដ្ឋដែលរងគ្រោះនៅស្រុកកណ្ដាលស្ទឹងនេះ។

លោកបានថ្លែងថា «ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា» ដែលតែងតែចុះជួយយកចិត្តទុកដាក់ដល់ប្រជារាស្ត្រទាំងអស់ មិនគិតពីនិន្នាការនយោបាយអ្វីឡើយ ពោលគឺសុទ្ធតែប្រជាជនខ្មែរតែមួយ ខ្មែរស្រលាញ់ ខ្មែរស្រលាញ់ ខ្មែរស្រលាញ់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោជានាយករដ្ឋមន្ត្រីជារៀងរហូត។

ស្ថិតក្នុងកាសនេះដែរ លោក ណុប រ័ត្ននិមល បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសផ្សេងៗចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតវផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំ ពិសេសបើមានស្ថានភាពសុខភាពមិនស្រួល ត្រូវប្រញ៉ាប់រួសរាន់ប្រាប់មកអាជ្ញាធរមូលដ្ឋានបន្ទាន់។

គួរជម្រាបជូនថា ភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងនេះ ទទួលការជន់លិចស្ទើរ១០០% ខណៈដែលអាជ្ញាធរខេត្តមូលដ្ឋាន កម្លាំងទាំង៣ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន បានសហការគ្នាល្អ ក្នុងការចុះជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ឡើយ ខណៈសកម្មភាពទាំងនេះទទួលបានការសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋពេញមួយ ស្រុកកណ្ដាលស្ទឹងតែម្ដង៕

គួរបញ្ជាក់ដែរថា ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺកម្ពស់ទ្វារទឹកទំនប់អាង៧មករា មានកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៦,៥៤ ម៉ែត្រហូរលើទ្វារទឹកកម្ពស់ ១,៧៤ម៉ែត្រ, កម្ពស់ទ្វារទឹកក្រោយ ៩,៤៥ម៉ែត្រ៕