(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ បញ្ជាក់អំពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ដែលប្រឈម ជាមួយសម្ពាធទាបមកពីប្រទេសវៀតណាម នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

បើតាមក្រសួងធនធានទឹក បន្ទាប់ពីបានធ្វើការតាមដាន និងការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ឃើញថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ សម្ពាធទាបសកម្មមួយ កំពុងស្ថិតនៅលើភាគកណ្តាលប្រទេសហ្វីលីពីន។

តាមការព្យាករ សម្ពាធទាបសកម្មនេះ នឹងរំកិលចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយវិវត្តខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) ដោយធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ប្រព័ន្ធសម្ពាធទាប បាននិងកំពុងបន្តអូសបន្លាយពីលើកម្ពុជា ហើយលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានស្ថានភាព ដូចខាងក្រោម៖

* ទី១៖ បណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត។

* ទី២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងខេត្តជាប់ព្រំដែនប្រទេសវៀតណាម រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន។

* ទី៣៖ តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ និងជួរភ្នំ និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕