(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេច ព្រះបាទ នរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ៨ឆ្នាំ។

ពិធីនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពីលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលរងខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីសាលាខេត្តព្រៃវែងជាច្រើនរូបផងដែរ។

នៅក្នុងពិធីនេះលោកប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត មន្រ្តីសាលាខេត្ត បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ដើម្បីនឹករលឹកព្រះគុណ របស់ព្រះអង្គដែលបានបំពេញព្រះរាជបូជនីយកិច្ច និងស្នាមព្រហស្ថធំធេង ឧត្តុងឧត្តម កសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ពេញមួយព្រះជន្នរបស់ព្រះអង្គ។

ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ដែលជាកូនចៅ ចៅទូតរបស់ព្រះអង្គ សូមចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា បានគង់វង្សរហូតមកនេះ។

ក្នុងនោះដែរ លោកប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីសាលាខេត្ត រួមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ បានយាងសោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួរំលឹកផងដែថា ព្រះអង្គយាងចូលព្រះទីវង្គតនៅវេលាម៉ោង១ និង ២០នាទី យប់រំលងអាធ្រាត ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយព្រះជរាពាធ៕