(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចុះទៅពិនិត្យជាក់ស្តែងនៅតំបន់រងគ្រោះដោយទឹកជំនន់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រកាសថា ការងារអាទិភាពរបស់រាជរដ្ឋាភិបាលពេលនេះ គឺជម្លៀសប្រជាពលរដ្ឋ ចេញពីតំបន់រងគ្រោះដោយទឹកជំនន់។
ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ ដែលជាតំបន់ប្រឈមខ្លាំង ជាមួយនឹងគ្រោះទឹកជំនន់ ហើយដែលត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីតាំងបណ្តោះអាសន្នបុរីពិភពថ្មី គួស្រូវ២ របស់ឧកញ៉ា ហុង ព៉ីវ នាព្រលប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការខូចខាតនៅពុំទាន់បូកសរុបនៅឡើយទេ ព្រោះការងារអទិភាពរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពេលនេះ ត្រូវសង្គ្រោះប្រជាពលរដ្ឋឲ្យចេញផុតពីតំបន់រងគ្រោះសិន នេះជាបញ្ហាសំខាន់ ហើយសារនេះមិនមែនសម្រាប់តែរាជធានីភ្នំពេញ និងខេត្តកណ្ដាលទេ ក៏ប៉ុន្តែសារនេះបញ្ជូនទៅកាន់គ្រប់ខេត្តនៅទូទាំងប្រទេស»។
សម្តេចបានបន្តទៀតថា៖ «ទោះបីថាឥឡូវនេះមានត្រឹមតែ១០ខេត្ត ប៉ុណ្ណោះ ដែលខ្ញុំបានផ្ដល់ថវិកាសម្រាប់សង្គ្រោះ ប៉ុន្តែបើយោងតាមអ្វីដែលជាការព្យាករណ៍ នៃក្រសួងធនធានទឹក នឹងអាចមានការធ្លាក់ភ្លៀងនៅតំបន់មួយចំនួនទៀត ដែលយើងត្រូវត្រៀមបម្រុងឲ្យគ្រប់ខេត្តទាំងអស់នៅគ្រប់ទីកន្លែង ប្រុងប្រៀបផ្ដល់អទិភាពនៃការជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះ ហើយក៏សុំចិត្តចំពោះប្រជាពលរដ្ឋនៅពេលដែលអាជ្ញាធរស្នើសុំឲ្យមានការចាកចេញ សូមមេត្តាចាកចេញទៅតាមសំណូមពរអាជ្ញាធរ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ដែលសម្តេចបានប្រើពាក្យថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងរាជអាវុធហត្ថ កងកម្លាំងនគរបាលបានធ្វើកិច្ចការបានល្អ និងគ្រប់ទីកន្លែងដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង»។
សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យកម្លាំងប្រដាប់អាវុធទាំងអស់ក្លាយទៅជាឆ្អឹងខ្នងនៃការអន្តរាគមន៍ផ្ដាច់ព្រាត់ សម្រាប់សង្គ្រោះប្រជាជនតទៅទៀត។ សម្ដេចបានលើកឡើងថា នេះមិនមែនជាការងារថ្មីៗរបស់យើងទេ គឺយើងបានធ្វើតាំងពីទសវត្សរ៍៨០មកម្ល៉េះ ដែលយើងបានធ្វើនៅពេលមានគ្រោះមហន្តរាយម្ដងៗ ដែលកងកម្លាំងប្រដាប់អាវុធ តែងតែដើរតួនាទីស្នូលក្នុងការជួយដល់ប្រជាពលរដ្ឋ។
សម្ដេចបានថ្លែងថា ពេលនេះស្ថានភាពនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល រួមទាំងខេត្តបន្ទាយមានជ័យ កំពុងមានស្ថានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែសម្រាប់ខេត្តដទៃទៀតគឺមានថាធូរស្រាលបន្តិច។ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យអាជ្ញាធរ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តបន្ទាយមានជ័យ បន្តយកចិត្តទុកដាក់ទៅលើកិច្ចការតាមដានដំណើរវិវត្តនៃចរន្តទឹកដែលហូរចូល។
សម្តេចក៏៏បានកោតសរសើរផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានប្រឹងប្រែងដោយខ្លួនឯង រួមទាំងការជួយរបស់អាជ្ញាធរ ដោយរាជរដ្ឋាភិបាល ដោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ សម្តេចថ្លែងថា «យើងនឹងបន្តរួមគ្នាធ្វើកិច្ចការងារនេះ យកឈ្នះទៅលើស្ថានភាពមិនអំណោយផលដែលបណ្ដាលមកពីព្យុះ និងសម្ពាធដែលកំពុងស្ថិតនៅក្នុងតំបន់របស់យើង»។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តសំណូមពរ និងអំពាវនាវ៣ចំណុច ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់ដូចតទៅ៖
ទី១៖ គឺជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយមានការប្រុងប្រៀបជាមុន ត្រូវពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅកាន់ទីនោះ។
ទី២៖ បន្ទាប់ពីទឹកស្រក សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលដល់ការដឹកជញ្ជូនប្រជាជនទៅកាន់មូលដ្ឋានដើមវិញ
ទី៣៖ ត្រូវផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាខិតខំព្យាបាលជំងឺប្រសិនបើមានជំងឺកើតឡើង។ សម្តេចក៏អំពាវនាវចំពោះប្រជាជនត្រូវការពារនៅជំងឺខ្លួនឯង តាមរយៈការអនាម័យ កុំទទួលទានទឹកមិនស្អាតដែលនាំទៅដល់ជំងឺរាគរួសក្អួតនាំមកនូវការលំបាកបន្ថែមទៀត។ សម្ដេចស្នើឲ្យមានគ្រូពេទ្យប្រចាំការនៅតំបន់ ដែលប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពផងដែរ។
សម្ដេចបានថ្លែងអំណរគុណដល់ លោកឧកញ៉ា ហុង ព៉ីវ ដែលបានផ្ដល់ទីតាំងបុរីពិភពថ្មីគួស្រូវ៣ ដើម្បីជាជម្រកដល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែង
សម្ដេចបង្គាប់ឲ្យអាជ្ញាធរចាត់មានកម្លាំងនានា ចល័តទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីពិនិត្យមើលថាតើមានប្រជាពលរដ្ឋនៅសេះសល់ដែរឬទេ ហើយត្រូវជួយការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋពីក្រុមចោរលួចចោរប្លន់ ក្រុមឱកាសនិយម ដែលយកឱកាសនេះ ដើម្បីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
សម្ដេចបានថ្លែងអំណរគុណដល់ សប្បុរសជននានា ដែលបានចូលរួមថវិកាក្នុងការសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ដែលរហូតមកដល់ពេលនេះ មានប្រមាណជាង ៦លានដុល្លារសហរដ្ឋអាមេរិកហើយ ដែលថវិកានេះរាជរដ្ឋាភិបាលមិនបានអំពាវនាវទេ ប៉ុន្តែសប្បុរសជនបានស្ម័គ្រចិត្តចូលរួមដោយខ្លួនឯង។
សម្ដេចបានរំលឹកថា ការចូលរួមនេះត្រូវបានផ្សាយនៅលើ ហ្វេសបុករបស់សម្ដេច នៅលើ Fresh News និងទូរទស្សន៍ជាតិ ព្រមទាំងទូរទស្សន៍មួយចំនួនទៀត៕