(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ចេញទឹកសុទ្ធចេញពីស្តុកបម្រុងចំនួន ៤៦,៤៩១កេស ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន គឺជាអគ្គភស្តុភាដ៏ចំណានរបស់កម្ពុជា។ ដើម្បីត្រៀមដោះស្រាយនូវបញ្ហាប្រឈមនានានោះ សម្តេចបានត្រៀមបម្រុងជានិច្ចទាំងស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗសម្រាប់បំពេញសេចក្តីត្រូវការនៅពេលមានគ្រោះអាសន្នផ្សេងៗ។ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណរ» សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នេះជាទម្លាប់គិតគូរល្អិតល្អន់ក្នុងការដឹកនាំរបស់សម្តេច ហើយព្រោះតែការគិតគូរល្អិតល្អន់នេះហើយដែលនាំឱ្យសម្តេចជោគជ័យលើការដឹកនាំរយៈពេលជាង ៤០ឆ្នាំកន្លងទៅនេះ។

ទឹកបរិសុទ្ធ «អរុណា» ក៏ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី រៀបចំចាត់ចែងទុកបម្រុងនៅក្នុងស្តុកផងដែរ។ ក្នុងគ្រាដែលកម្ពុជាជួបគ្រោះទឹកជំនន់ ប្រជាពលរដ្ឋរងការជន់លិចជាច្រើនខ្វះទឹកបរិភោគនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសម្រេចបញ្ចេញទឹកសុទ្ធពីក្នុងស្តុកយកទៅចែកជូនប្រជាពលរដ្ឋបរិភោគ ដើម្បីចៀសវាងការបរិភោគទឹកមិនស្អាតនាំឱ្យមានបញ្ហាដល់សុខភាព។

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន, លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទៅពិនិត្យទឹកបរិសុទ្ធដែលបម្រុងទុកក្នុងឃ្លាំង និងបានចាត់ចែងដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋតាមគោលដៅផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ទឹកបរិសុទ្ធទាំងនេះយកទៅចែកជូនពលរដ្ឋដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ទឹកបរិសុទ្ធនេះចែកជូនប្រជាពលរដ្ឋដែលបានជម្លៀសក្នុងមួយគ្រួសារចំនួន១កេស។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងដែរថា ទឹកបរិសុទ្ធនេះកំពុងតែដឹកជញ្ជូនទៅកាន់គោលដៅតាមរយៈកងដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ដឹកនាំដោយគណៈកម្មាធិការជាតិទាំងយប់។ បើតាមលោក គន់ គីម ទឹកបរិសុទ្ធខ្លះបានដឹកដល់គោលដៅហើយ ដូចជាខេត្តពោធិ៍សាត់ជាដើម។

ជួសមុខឱ្យអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរងគ្រោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ជាអ្នកប្រតិបត្តិលើសមរភូមិគ្រោះមហន្តរាយ បាននិងកំពុងដឹកនាំការដឹកជញ្ជូនទឹកបរិសុទ្ធនេះចុះទៅតាមខេត្ត។ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងជ្រាលជ្រៅ ដែលបានបញ្ចេញទឹកបរិសុទ្ធជូនជនរងគ្រោះបរិភោគ។

លោក គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន លោកជាអគ្គភស្តុភាដ៏ចំណាន់ មិនថាក្នុងវិស័យកងទ័ព ឬស៊ីវិលនោះទេ សម្តេចតែងមានការត្រៀមទុកបម្រុងជាប់ជានិច្ច។ នៅពេលផ្នែកណាមួយមានតម្រូវការ សម្តេចលោកបញ្ចេញមកភ្លាមៗ។ នេះជាការគិតគូរយ៉ាងល្អិតល្អន់បំផុតនៅក្នុងការដឹកនាំរបស់សម្តេច»

ក្នុងពេលអញ្ជើញសួរសុខទុក្ខពលរដ្ឋជម្លៀសមកកាន់ទីទួលសុវត្ថិភាពក្នុងរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋចេញពីទឹកជំនន់ជាកិច្ចការដ៏ចាំបាច់បំផុត។ ក្រៅតែពីការជួយសង្គ្រោះពីកន្លែងការជន់លិចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរឱ្យពិនិត្យពិច័យឱ្យបានម៉ត់ចត់ទៅលើការហូបចុក និងទឹកសម្រាប់បរិភោគផងដែរ ដើម្បីបង្ការកុំឱ្យពួកគាត់កើតមានជំងឺ ឬបញ្ហាសុខភាព។

សូមបញ្ជាក់ថា ក្រៅតែពីការជួយសង្គ្រោះ និងណែនាំអាជ្ញាធរឱ្យផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិកាបានពីសប្បុរសជនទម្លាក់ទៅកាន់ខេត្តរាជធានី ខេត្តរងការជន់លិចផងដែរ ដើម្បីដោះស្រាយការលំបាកទាំងឡាយ ក៏ដូចជាជួយផ្គត់ផ្គង់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕