(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានទទួលទឹកបរិសុទ្ធ «អរុណា» ចំនួន១៤៧២១កេស ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈលោក គីម វីរៈ តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ។

លោក គីម វីរៈ តំណាងនាយឧត្តមសេនីយ៍ គន់ គីម បានឱ្យដឹងថា ទឹកបរិសុទ្ធ «អរុណា» ចំនួន១៤៧២១កេស ដែលត្រូវប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់នាពេលនេះ គឺជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានបញ្ចេញទឹកសុទ្ធចេញពីស្តុកបម្រុងចំនួន៤៦,៤៩១កេស ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្នុងមួយគ្រួសារចំនួន១កេស។

លោក គីម វីរៈ បានបន្ថែមថា ទឹកបរិសុទ្ធនេះកំពុងតែដឹកជញ្ជូនទៅកាន់គោលដៅ តាមរយៈកងដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទទាំងយប់។ ជាក់ស្តែងដូចជា ខេត្តពោធិ៍សាត់ជាដើមនេះ ត្រូវបានប្រគល់ជូនទឹកបរិសុទ្ធទៅដល់គោលដៅមុនគេ។

នៅក្នុងឱកាសនោះលោក ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះមហន្តរាយ ដែលតែងយកចិត្តទុក្ខដាក់ដោះស្រាយជាបន្ទាន់រាល់ពេលមានគ្រោះមហន្តរាយម្តងៗ។

សូមបញ្ជាក់ថា ក្រៅតែពីការជួយសង្គ្រោះ និងណែនាំអាជ្ញាធរឱ្យផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិកាបានពីសប្បុរសជន ទម្លាក់ទៅកាន់ខេត្តរាជធានី ខេត្តរងការជន់លិច ដែលក្នុងនោះខេត្តពោធិ៍សាត់ បានទទួលថវិកាសង្គ្រោះពីសម្តេចតេជោ ចំនួន១០ម៉ឺនដុល្លារ ដើម្បីដោះស្រាយការលំបាកទាំងឡាយ ក៏ដូចជាជួយផ្គត់ផ្គង់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕