(កំពត)៖ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីក្រុមការងារពាក់ព័ន្ធ ផ្ដល់សម្ភារបរិក្ខារ ដល់អនុសាខាកាកបាទក្រហម ក្រុង ស្រុកទាំង៨ ដើម្បីយកទៅត្រៀមបម្រើក្នុងហេតុការណ៍សកម្មភាពមនុស្សធម៌ និងត្រៀមបម្រើដល់សកម្មភាព ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះជំនន់ទឹកភ្លៀងកើតឡើង ឬដោយប្រការចាំបាច់ផ្សេងៗ និងពាក់ព័ន្ធការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ។ ពិធីផ្ដល់អំណោយនេះ ធ្វើឡើងនៅសាលាខេត្តកំពត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអភិបាលក្រុងស្រុកទាំង៨ នៃខេត្តកំពត។

លោក ជាវ តាយ បានកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់អនុសាខាកាកបាទក្រហម ក៏ដូចជាអាជ្ញាធរក្រុងស្រុកទាំងអស់ ដែលកន្លងមកតែងតែបានអនុវត្តសកម្មភាពការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការ ឬសាសនាឡើយ ស្របតាមប្រសាសន៍ផ្ដាំផ្ញើ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានទាន់ពេលវេលាឆាប់រហ័ស និងចំគោលដៅយ៉ាងមានប្រសិទ្ធភាព។

លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ អាជ្ញាធរក្រុង ស្រុក ថា បើទោះបីក្នុងខេត្តកំពតពេលនេះ ស្ថានភាពទឹកភ្លៀង មិនបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងផលដំណាំ សត្វពាហនៈ របស់ប្រជាពលរដ្ឋធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏សូមឱ្យអាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀង នៅមូលដ្ឋានឲ្យបានជាប្រចាំ។

លោកផ្តាំថា បើមានសភាពការណ៍កើតឡើងនៅក្នុងមូលដ្ឋាន សូមអាជ្ញាធរ ចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋឲ្យបានជាប្រញាប់ ឬត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីរួមគ្នាជាកម្លាំងសរុប មធ្យោបាយសរុប និងមានវិធានការសរុប ក្នុងការដោះស្រាយឲ្យបានជាបន្ទាន់ មិនត្រូវទុកឲ្យបញ្ហាកើតឡើង នៅក្នុងមូលដ្ឋាន ដោយអាជ្ញាធរមានសមត្ថកិច្ចមិនបានដោះស្រាយ និងចាំវិធានការជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលាឡើយ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរក៏ដូចជាអនុសាខាកាកបាទក្រហមគ្រប់ក្រុងស្រុកទាំងអស់ ក្រោយពីទទួលបាននូវសម្ភារៈបរិក្ខានេះ ត្រូវយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋឱ្យបានចំគោលដៅ និងមានប្រសិទ្ធភាព។

អំណោយដែលបានបែងចែកប្រគល់ជូនដល់ អនុសាខាកាកបាទក្រហមទាំង៨ក្រុងស្រុក រួមមាន៖ ក្នុងមួយក្រុងស្រុកទទួលបាន អាវពោងចំនួន២០អាវ ទឹកជែលលាងសម្អាតដៃ ចំនួន១០កេស ស្មើនឹង ២៥០ដប៕