(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ប្រកាសផ្តល់ថវិកាឧបត្ថម្ភជូនគ្រួសារសពដែលលង់ទឹកស្លាប់សរុប២០នាក់ ដោយសារទឹកជំនន់នៅទូទាំងប្រទេស ដោយក្នុងមួយគ្រួសារសពទទួលបាន ១០លានរៀល និងផ្តល់ថវិកា១០ម៉ឺនដុល្លារបន្ថែមទៀត ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។
លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិការបណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះស្លាប់ដោយសារជំនន់ទឹកភ្លៀងនោះ នៅពេលនេះសម្តេចតេជោនាយករដ្ឋមន្រ្តី បានឧបត្ថម្ភជូនគ្រួសារសពទាំង២០នាក់ ដោយមួយគ្រួសារសពទទួលបាន ១០លានរៀល និងបានផ្តល់ថវិកាចំនួន១០ម៉ឺនដុល្លារបន្ថែមទៀតជូន រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។
លោក សេង ទៀង បានបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ភ្លាមលោកបាននិងកំពុងចាត់ចែងថវិកាទាំងនេះទៅកាន់គ្រួសារសព និងរដ្ឋបាលខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឱ្យមនុស្ស ២០នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋជាង ២៤ម៉ឺននាក់។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។
របាយការណ៍ ក៏បានឱ្យដឹងដែរថា ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។
ជំនន់ទឹកភ្លៀង ក៏បានធ្វើប៉ះពាល់ផ្ទះជិត ៦ម៉ឺនខ្នង ខូចខាត ៥៦ខ្នង, លិចសាលារៀន ៤៥៩កន្លែង, លិចស្រូវជិត ១៧ម៉ឺនហិកតា ខូចខាតជាង ៣ម៉ឺនហិកតា, ដំណាំរួមផ្សំលិចទឹកជាង ៧ម៉ឺនហិកតា និងខូចខាតជិត ៤ម៉ឺនហិកតា។
ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ, ផ្លូវលំជនបទ ១,៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង, ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ, ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ៕