(កំពង់ធំ)៖ ថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានអភិបាលខេត្តកំពង់ធំលោក សុខ លូ នាំយកទៅប្រគល់ជូនដល់គ្រួសារសព ដែលបានស្លាប់ដោយសារលង់ទឹកនៅក្នុងខេត្តមួយនេះ។

ជាមួយគ្នានេះលោក សុខ លូ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤៨០គ្រួសារ នៅទីតាំងបួនស្រុក ក្នុងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

សម្រាប់ខេត្តកំពង់ធំមានជនរងគ្រោះស្លាប់៣នាក់ដោយសារលង់ទឹក ក្នុងចំណោមជនរងគ្រោះចំនួន២២នាក់ ដែលបានស្លាប់។ គ្រួសារសពដែលបានលង់ទឹកស្លាប់ចំនួនពីរគ្រួសារ កាលពីកន្លងទៅក្នុងនោះមានឈ្មោះ វ៉ន លី អាយុ៤៤ឆ្នាំ រស់នៅភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងឈ្មោះ ទក់ ទី រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ។

ជាមួយក្នុងការចុះសួរសុខទុក្ខលោក សុខ លូ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជា អាចនឹងមានទឹកជន់ឡើងបន្ថែមទៀតជាពិសេសត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អដើម្បីចៀសផុតពីការលង់ទឹកក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើមប្រសិនបើមានទឹកជំនន់ត្រូវរត់រកទីទួលសុវត្ថិភាពនិងត្រូវប្រញាប់រួសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតដោយមិនត្រូវធ្វើការព្យាបាលដោយខ្លួនឯងឡើយ។

លោកបានអំពានាវដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង ដើម្បីការពារពីជំងឺគ្រុនចាញ់ ឬគ្រុនឈាម ឬឈិនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។

លោកបានផ្តាំផ្ញើដល់បងប្អូនសូមឲ្យទៅចុះឈ្នោះនិងពិនិត្យឈ្នោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែជួយដោះស្រាយបញ្ហាលំបាក របស់ប្រជារាស្ត្រជានិច្ច។

អំណោយដែលបានផ្តល់ក្នុងមួយគ្រួសារនាពេលនេះមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន។ ប្រជាពលរដ្ឋចំនួន៤៨០គ្រួសាររួមមាន៖ ស្រុកតាំងគោគ៨០គ្រួសារ មកពីឃុំស្រឡៅ៤០គ្រួសារ និងឃុំទ្រៀល៤០គ្រួសារ ស្រុកស្ទោង៤០០គ្រួសារ នៅក្នុងឃុំទ្រាចំនួនបួនភូមិផងដែរ។

ក្នុងនោះផងដែរលោក សុខ លូ បើកបានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ៦ ដែលស្ថិតនៅក្នុងចន្លោះភូមិត្រាចឃុំកំពង់ចិនជើង ដើម្បីកាយដីដែលបងប្អូនប្រជាពលរដ្ឋចាក់លុបក៏ដូចជា ដាក់លូតូចដែលធ្វើឱ្យមានការស្ទះផ្លូវទឹកបងដែរ ហើយក៏បានបញ្ជាឲ្យកងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួន ក៏ដូចជាត្រួតពិនិត្យតាមដានដល់បងប្អូនប្រជាពលរដ្ឋក្រែងមានគ្រោះថ្នាក់ជាយថាហេតុ៕