(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា ខ្លួនសម្រេចមិនពន្យារពេល ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ឡើយ ទោះបីជាតំបន់ខ្លះ ជួបប្រទះបញ្ហាទឹកជំនន់ក៏ដោយ។

នេះបើតាមលោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការធ្វើបច្ចុប្បន្នភាពដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប។

លោកបន្តថា ការបញ្ចប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មិនមែនមានន័យថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បិទបញ្ចប់ទាំងស្រុងនោះទេ ព្រោះនៅមាននីតិវិធីជាច្រើនបន្តបន្ទាប់ទៀត។

លោក ហ៊ែល សារ៉ាត់ បានបញ្ជាក់ថា៖ «យើងបញ្ចប់ការចុះឈ្មោះតាមឃុំសង្កាត់ ក៏ប៉ុន្តែពុំមាន័យថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូល ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ទាំងស្រុងនោះទេ គឺនៅមាននីតិវិធីជាច្រើនបន្តបន្ទាប់ទៀត»

លោកបន្ថែមថា នីតិវិធីបន្តទៀតនោះ រួមមាន៖

* ការបូកសរុបលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស
* ការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធ
* ការពិនិត្យ និងសម្រេដោយ គជប លើលទ្ធផលនិងទិន្នន័យរបស់អ្នកចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង
* ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះជនដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត
* ការដាក់ ការទទួលដោះស្រាយបណ្តឹង ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង
* ការសម្រេច និងផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតឆ្នាំ២០២០ ជាផ្លូវការ។

តាមលោក ហ៊ែល សារ៉ាត់, កាលបរិច្ឆេទចុងក្រោយ សម្រាប់ការពិនិត្យ សម្រេច និងផ្តល់សុពលភាព លើបញ្ជីឆ្នោតឆ្នាំ២០២០ ជាផ្លូវការ គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់ជាស្ថាពរ នូវគ្រប់នីតិវិធី និងការដោះស្រាយលើពាក្យបណ្តឹងដែលពាក់ព័ន្ធ។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ គជប ទទួលបានពាក្យបណ្តឹងសរុបចំនួន ១០៣បណ្តឹង។

សូមបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ ឆ្នាំ២០២០ មានរយៈពេលសរុប ១៩ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ប៉ុន្តែដោយសារនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត បានប្រជុំដើម្បីត្រួតពិនិត្យ ការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត (បិទការិយាល័យចុះឈ្មោះបោះឆ្នោត) ដូច្នេះការងារចុះឈ្មោះបោះឆ្នោតជាក់ស្តែង នៅសល់តែ ១៨ថ្ងៃប៉ុណ្ណោះ។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ គិតត្រឹមវេលាម៉ោង ១៧៖៣០នាទី មានប្រជាពលរដ្ឋ ២៥៦៥៤៥នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ដែលស្មើនឹង ៨៥.៤០ភាគរយ៕