(ភ្នំពេញ)៖ កងកម្លាំងសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ បានជួយដឹកជញ្ជូនកម្មកររោងចក្រ ដើម្បីចូលទៅយកសម្ភាររបស់ខ្លួន ក្នុងរោងចក្រ និងដឹកជញ្ជូនប្រជាពលរដ្ឋ មួយចំនួន ចូលផ្ទះរបស់ពួកគាត់ផងដែរ ក្រោយពេលដែលទឹកបានស្រកអស់ជាច្រើន។

ការដឹកជញ្ជូនកម្មកររោងចក្រ និងប្រជាពលរដ្ឋនេះ ប្រព្រឹត្តិនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងទទួលរងការលិចលង់ ដោយទឹកជំនន់ តាមបទបញ្ជារបស់លោកមេបញ្ជាការឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អូប័រ ចំនួន១០គ្រឿង និងកម្លាំងជាង១០០នាក់ ត្រូវបានប្រើប្រាស់សំរាប់ប្រតិបត្តិការជួយសង្រ្គោះនេះ។

សូមជម្រាបថា ខណ្ឌដង្កោ បានទទួលរងការលិចលង់ ដោយទឹកជំនន់អស់រយៈពេល៦ថ្ងៃមកហើយ។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលទទួលគ្រប់គ្រងកងសង្រ្គោះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៤ រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ ត្រូវបានកម្លាំងសង្រ្គោះ របស់កងពលតូចលេខ៧០ ជួយសង្រ្គោះចំនួន៩៦៦ជើង ស្មើ៤,៧៤៤នាក់ ដែលនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

តាមរបាយការណ៍បឋម របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយទិន្ឆន័យ ផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង៖

* ប៉ះពាល់១៩រាជធានី, ខេត្តស្មើ៩១ ក្រុង/ស្រុក/ខណ្ឌ រួមមាន រាជធានី និងខេត្តមួយចំនួន
* ប៉ះពាល់ប្រជាជនប្រមាណ ៧៨,០៥៦គ្រួសារ ស្នើប្រមាណ ៣១២,២២៤នាក់
* ប្រជាជនជម្លៀសប្រមាណ ៩,៣៤៩គ្រួសារ ស្មើប្រមាណ ៣៧,៣៩៦នាក់
* ប្រជាជនស្លាប់ ២៥នាក់
* ផ្ទះប៉ះពាល់ប្រមាណ ៧៣,៧២០ខ្នង និងខូចខាត៥៦ខ្នង
* ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គីឡូម៉ែត្រ៕