(បាត់ដំបង)៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនម៉ាទឹកកក ទម្ងន់៧០ក្រាម ទៅតុលាការ បន្ទាប់ពីសមត្ថកិច្ច បានឃាត់ខ្លួននឹងរឹបអូសបានវត្ថតាងបាន កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ នៅចំណុចភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការនគរបាលខេត្ត បានឲ្យដឹងថា យោងតាមរបាយការណ៍ ចាប់បញ្ជូនខ្លួនជនសង្ស័យរបស់អធិការដ្ឋាន នគរបាលស្រុកកំរៀង មកការិយាល័យជំនាញ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ច បានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី១៨ ខែតុលាម្សិលមិញ នៅចំណុចភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀងនោះ មានឈ្មោះ យ៉ែម រ៉ាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងរឹបអូស បានវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣ថង់ មានទម្ងន់៦៩.៦៦ក្រាម និងថ្នាំញៀនប្រភេទយ៉ាម៉ា១១គ្រាប់ មានទម្ងន់១.០៨ក្រាម និងវត្ថុតាងមួយចំនួន។

បន្ទាប់ពីការិយាល័យជំនាញ បានសាកសួរចម្លើយបន្ថែម និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យមន្រ្តីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ដែលរឹបអូសបានទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៩ ខែតុលានេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕