(បន្ទាយមានជ័យ)៖ ក្នុងឱកាសចុះចែកអង្ករ៥០តោន និងស្បៀងអាហារជូនពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលធ្លាប់មានជីវិតជាពលករខ្មែរនៅកូរ៉េ ឆ្លងកាត់ពេលវេលាលំបាកជាច្រើនក្នុងជីវិត ទំរាំតស៊ូពុះពារ ទទួលភាពជោគជ័យដូចបច្ចុប្បន្ន បានសម្តែងអារម្មណ៍រីករាយយ៉ាងខ្លាំង ពេលចូលរួមធ្វើការងារសប្បុរសធម៌។ ទន្ទឹមនឹងការដឹកនាំតារាល្បីៗ ចុះចែកអំណោយដល់ទីកន្លែងរងគ្រោះនេះ លោកបានសម្ដែងក្ដីអាណិតអាសូរ ពេលឃើញបងប្អូនខ្មែរមានទុក្ខ រូបលោកផ្ទាល់តែងតែខ្វល់ខ្វាយ ដូច្នេះសេចក្តីសុខរបស់លោក គឺបានចែករំលែកអ្វីដែលខ្លួនមាន ទៅដល់អ្នកដែលកំពុងមានទុក្ខ ពោលគឺបង្ហាញពីទឹកចិត្តខ្មែរជួយខ្មែរ របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា។

ខាងក្រោមនេះ គឺជាចំណាប់អារម្មរបស់លោកឧញ៉ាផ្ទាល់ រួមនឹងតារាល្បីៗជាច្រើនដួងទៀត៖

តាមរយៈការសម្ភាសន៍ផ្ទាល់ ជាមួយក្រុមការងារផ្សាយផ្ទាល់របស់ទូរទស្សន៍ Fresh News លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាននិយាយថា «នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់ ចឹងយើងមានសេចក្តីសុខ នៅពេលដែលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០,២០,៣០ ឆ្នាំទៀត យើងមិនចឹងថានៅពេលណា ចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»

លោកបន្តថា «សម្រាប់ខ្ញុំពាក់ព័ន្ធនឹងទឹកជំនន់នេះ វាជាអនុស្សាវរីយ៍មួយដែលខ្ញុំចាំមិនភ្លេច កាលឆ្នាំ២០០០ កាលណោះគ្រួសារខ្ញុំលិចអស់ហើយ អត់មានអីហូបទេ ខ្ញុំគិតថា យើងបើបានតែអង្ករតែមួយបាវ វាមានតម្លៃជាងមិនដែលស្គាល់ឡានទំនើប...យើងគិតថា បានមួយប៉េមក គឺមានតម្លៃណាស់ ចឹងពេលនេះជាពេលដែលយើងត្រូវចែលរំលែកដល់គាត់ អ្នកដែលលំបាកក៏ដូចខ្ញុំពីមុន។ ចឹងហើយបានខ្ញុំចែករំលែកលើកនេះ វាខុសពីរាល់ដង ដោយសារតែខ្ញុំគិតថាជារឿងដែលខ្ញុំជួបប្រទះពេលមុន អ៊ីចឹងវាជាអនុស្សាវរីយ៍មួយដែលខ្ញុំមិនអាចបំភ្លេចបាន»។

ទន្ទឹមគ្នានេះ លោកបានគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលកំពុងជួបទុក្ខ។ លោកថា «ខ្ញុំគិតថាសកម្មភាពរបស់ពួកគាត់ (កងកំលាំងប្រដាប់អាវុធ អាជ្ញាធរ) គឺល្អមែនទែន ហើយខ្ញុំរំភើបស្ទើរតែស្រក់ទឹកភ្នែក និយាយដោយត្រង់ទៅ ខ្ញុំឃើញក្រុមការងារ គាត់ប្រឹងប្រែងៗមែនទែន មានន័យថា អីឡូវហ្នឹងយើងមើលឃើញថា កាន់តែមានការស្រឡាញ់ ការយកចិត្តទុកដាក់ជាមួយគ្នា ហើយសប្បុរសធម៌កើនកាន់តែច្រើន និងការជ្រោមជ្រែងជួយគ្នាឲ្យបងប្អូនខ្មែរយើងទាំងអស់ស្រឡាញ់គ្នា កាន់តែជួយគ្នា សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា សកម្មភាពថ្នាក់ដឹកនាំទាំងអស់ គឺគាត់ ចុះមកផ្ទាល់ៗហើយផ្តល់ភាពកក់ក្តៅដល់ប្រជាជនមែនទែន...

ដោយឡែក តារាចម្រៀងលោក ព្រាប សុវត្ថិ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «សកម្មភាពនេះ ក៏ជាសកម្មភាពមួយដែលយើងអត់អាចបំភ្លេចបាន ហើយយើងពេញចិត្តនឹងសកម្មភាពទាំងអស់ហ្នឹង ដោយសារតែយើងមានពេលវេលាល្អ ហើយយើងអាចមានលទ្ធភាពនឹងជួយដោយកម្រឹតណា ដែលយើងអាចធ្វើទៅបាន ហើយក៏ជាអារម្មណ៍មួយដែលខ្ញុំពេញចិត្តតាំងពីដើមឡើយ ព្រោះពីដើមឡើយសុទ្ធតែអ្នកពិបាក... ហើយចឹងទៅឃើញការពិបាក ហើយយើងមានលទ្ធភាពល្អក៏យើងបានមើលឃើញនូវអារម្មណ៍មួយ ដែលធ្លាប់មាននៅពីក្មេង និងការពិបាកកន្លងមក»

លោកថា «នេះជាសកម្មភាពមួយដែលខ្ញុំពេញចិត្ត ដោយសារតែពួកយើងទាំងអស់គ្នាមានសកម្មភាពនេះ សបញ្ជាក់ថា បើយើងមានចិត្តបានយើងមកដល់ទីនេះ…ហើយជាឱកាសផង ជាចិត្តផង ជំរុញឲ្យពួកយើងមកជួប និងបានឃើញទិដ្ឋភាពជាក់ស្តែងនូវគ្រោះទឹកជំនន់ ហើយក៏យើងបានជួយគ្នាដោយសកម្មភាពនេះ ជារឿងមួយដែលអត់អាចភ្លេចគ្នាបានទេ»

មិនសុខពីលោក ព្រាប សុវត្ថិ នោះទេ ងាកមកតារាចម្រៀងដែលមានរហ្សសនាម តារាសំឡេងស្អកពីរោះ លោក ខេម វិញ ក៏បានសម្តែងអារម្មណ៍ផ្ទាល់ថា «ខ្ញុំអត់មានអីប្លែកទេ ព្រោះជីវិតរបស់ខ្ញុំ គឺធ្លាប់ជួបបញ្ហាបែបហ្នឹងហើយ ព្រោះថាគ្រួសាររបស់ខ្ញុំ គឺខ្ញុំកើតមកនៅក្នុងស្រុកទន្លេតែម្តង ហើយខ្ញុំចាំបានឆ្នាំ៩០ជាងហ្នឹង គឺលិចស្ទើរទូរទាំងប្រទេស ហើយយើងចង់បានមែនទែន យើងចង់ឃើញការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាពិបាល ក៏ដូចជាបងប្អូនយើង ដែលមានលទ្ធភាពអាចចេះចែកក្តីស្រឡាញ់ចំពោះគ្នា ហើយយើងមកថ្ងៃនេះ គឺយើងមានក្តីស្រឡាញ់ យើងអត់មានការសម្តែង...»។

លោក ខេម សង្កត់ធ្ងន់ថា «ខ្ញុំគិតថា ថ្ងៃនេះយើងមកតបស្នងអ្វីដែលពួកគាត់បានគាំទ្រយើងខ្ញុំទាំងអស់គ្នា ហើយយើងមកដោយក្តីស្រឡាញ់ដោយភាពពិតប្រាកដ។ យើងខ្ញុំក៏អគុណទៅដល់បងប្រុស ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានផ្តល់នូវកាស្រឡាញ់ជូនទៅដល់យើងខ្ញុំ ហើយយើងខ្ញុំក៏បានចែកការស្រឡាញ់នេះ ទៅដល់បងប្អូនយើងទាំងអស់គ្នា ដែលជាអ្នកគាំទ្រយើងខ្ញុំ...»

ចំណែកតារាចម្រៀង តន់ ច័ន្ទសីម៉ា បានសម្ដែងអារម្មណ៍ក្ដុកក្ដួលពេលឃើញស្ថានភាពផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ នាងនិយាយថា «សម្រាប់ខ្ញុំគឺមានតែអរគុណដល់ទឹកចិត្ត បងប្រុសអគ្គនាយក ឡេង ណាវ៉ាត្រា ដែលគាត់មានទឹកចិត្តល្អ សម្រាប់ការផ្ដល់ជូនដល់ប្រជាពលរដ្ឋយើង ហើយជួយគ្នា ក្នុងគ្រាលំបាកដែលបងប្អូនទាំងអស់គ្នា កំពុងតែលិចលង់ ហើយអ្វីដែលសំខាន់នោះ ក្រុមហ៊ុន Galaxy Navatra ទាំងអស់បានចូលរួមក្នុងការជួយជាកម្លាំងចិត្ត ដល់ពុកម៉ែបងប្អូន ដែលគាត់កំពុងតែទទួលការរងគ្រោះ។ គឺថាអរគុណសម្រាប់ទឹកចិត្តដ៏ថ្លៃថ្លា របស់គាត់ដែលគាត់មានទឹកចិត្តប្រពៃមួយ ដែលគាត់បានដឹងនាំគ្រួសារ Galaxy Navatra មកទីនេះ»

តន់ ច័ន្ទសីម៉ា បន្តថា «ខ្ញុំយល់ថា គួរតែធ្វើសកម្មភាពមនុស្សធម៌ឲ្យបានច្រើន ហើយក៏អរគុណសម្រាប់ថ្នាក់ដឹកនាំ លោកអភិបាលខេត្ត ដែលគាត់បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ៧យផ្ទាល់ ហើយបងៗកងកម្លាំង ទាំងអស់ដែលបានចូលរួម មានន័យថា ពេលដែលយើងមានទុក្ខលំបាក គឺមានខ្មែរជួយខ្មែរ មានអារម្មណ៍ថាគាត់ជួយនូវអ្វីដែលចេញពីចិត្តទាំងអស់គ្នា...!»

ជាការពិត ចំពោះសម្មភាពរបស់គ្រួសារចម្រៀងរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា នៅពេលនេះ គឺទទួលបានការកោតសរសើរពីមហាជនគ្រប់ទិសទី ជាពិសេសលោក អ៊ុ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នេះមិនមែនជាសកម្មភាពលើកទី១ទេ របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមចំណែកជួយដល់ខេត្តបន្ទាយមានជ័យ ពោលគឺច្រើនលើកមកហើយ ដោយលោកបានចូលរួមកសាង ហេដ្ឋារចនាសម្ព័ន្ធជាមួយខេត្ត និងបានជួយស្បៀងអាហារផ្សេង ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តដែលជួបការលំបាក។

លោក អ៊ុំ រាត្រី អភិបាលខេត្ត បានថ្លែងបន្តថា «ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមអាជ្ញាធរខេត្ត ជាពិសេសរូបខ្ញុំផ្ទាល់ ពិតជាមានមោទនភាពមែនទែន ដែលបានឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានលះបង់ទាំងពេលវេលាកំលាំងកាយចិត្ត និងថវិកាមកចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការជួយដោះស្រាយបញ្ហាប្រឈម ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យយើង ដែលជាក់ស្តែង រហូតដល់ជាង២ម៉ឺនគ្រួសារនេះ... នេះជាមោទនភាពណាស់ ដែលគាត់លះបង់ទាំងកំលាំងកាយចិត្ត ថវិកា ស្បៀង ដែលសង្រ្គោះបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ នេះជាការរួមចំណែកជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន…»