(សៀមរាប)៖ យោងតាមការសម្រេចរបស់គណៈកម្មការអន្តរក្រសួងស្តីពីការសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ រដ្ឋបាលខេត្តខេត្តសៀមរាប បានពិនិត្យឃើញថាមានសំណង់លំនៅឋាន តូបលក់ដូរ របង និងសំណង់ការផ្សេងៗទៀត របស់ប្រជាពលរដ្ឋមួយចំនួន បានសាងសង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹង ដែលចាំបាច់ត្រូវ ធ្វើការរុះរើ ជាបន្ទាន់ សម្រួលដល់ការងារស្ថាបនាផ្លូវស្របតាមផែនការដែលបានគ្រោងទុក។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីបានជូនដំណឹងដល់ប្រជាពលរដ្ឋនាពេលកន្លងមក រដ្ឋបាលខេត្តសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនបាននឹងកំពុងរុះរើសំណង់នានា ដែលស្ថិតលើដីចំណីផ្លូវ ប៉ុន្តែមានប្រជាពលរដ្ឋផ្សេងទៀតមិនទាន់បានរុះរើសំណង់របស់ខ្លួននៅឡើយ។

ដូចនេះ រដ្ឋបាលខេត្តបន្តជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅដែល មានសំណង់រំលោភលើផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹងសៀមរាបដែលមិនទាន់បានរុះរើ ត្រូវ ធ្វើការរុះរើដោយខ្លួនឯង និងអនុវត្តតាមប្លង់ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ(LMAP) ដែលក្រុមការងារ បច្ចេកទេសកំពុងពិនិត្យ និងវាស់វែងជូន មុននឹងរដ្ឋបាលខេត្តចាត់វិធានការរុះរើតាមពេលវេលាកំណត់ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត តាមនីតិវិធី និងច្បាប់ជាធរមាន ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់សម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋ និងសាធារណជន ដែលជាម្ចាស់សំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹង ចូលរួមអនុវត្តដោយធ្វើការុះរើសំណង របស់ខ្លួនឱ្យបានឆាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖