(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកក្រុមប្រឆាំងដែលរិះគន់ចំពោះការចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់នោះ គឺកំពុងច្រណែននឹងសកម្មភាពសប្បុរសធម៌នេះ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនាឱកាសបន្តជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរព្រះរាជគុណចំពោះព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រិយ៍ ព្រះមាតាជាតិ ដែលបានសព្វព្រះរាជហឫទ័យព្រះរាជទានថវិកា និងស្បៀងអាហារដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់នេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងឡាយ ដែលស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាមួយរដ្ឋាភិបាល។

ព្រះរាជហឫទ័យរបស់អង្គព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិ ក៏ដូចជាទឹកចិត្តរបស់សប្បុរសជននេះបានធ្វើឱ្យរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមានការរីករាយជាអនេក ប្លែកតែជនអគតិមួយចំនួនដែលហ៊ានហាមាត់រិះគន់ចំពោះសកម្មភាពសប្បុរសធម៌នេះ ដោយមិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបភាពអាសន្នសោះឡើយ។

ជុំវិញការរិះគន់ដោយគ្មានវិចារណញាណនេះ សម្ដេចតេជោបានឆ្លើយតបទៅវិញថា អ្នករិះគន់ចំពោះសប្បុរសជនដែលចូលរួមថវិកាជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ឬគ្រោះមហន្តរាយផ្សេងៗនោះ គឺប្រៀបដូចប្រមាថអង្គព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិ ដោយសារតែព្រះអង្គទាំងទ្វេក៏បានចូលវិភាគទាននេះដែរ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «នេះជាព្រះរាជហឫទ័យនៃអង្គព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិ ដើម្បីជួយដល់ប្រជារាស្ត្រជាកូនចៅរបស់ព្រះអង្គ ឯង (ឯង សំដៅលើក្រុមអ្នករិះគន់) និយាយបែបហ្នឹងជាការប្រមាថមួយ»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកក្រុមប្រឆាំងដែលរិះគន់ចំពោះការចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់នោះ គឺកំពុងច្រណែននឹងសកម្មភាពសប្បុរសធម៌នេះ។

ជាមួយគ្នានោះ សម្ដេចប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់ដែរថា កន្លងមក កងកម្លាំង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងសប្បុរសជនបានចួលរួមយ៉ាងច្រើនក្នុងសកម្មភាពជួយសង្រ្គោះ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះ ដោយអ្នកខ្លះបានចុះចែកជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ អ្នកខ្លះចូលរួមតាមស្ថាប័ន-អង្គភាពថ្នាក់ជាតិ រីឯអ្នកខ្លះចូលរួមតាមរយៈរាជរដ្ឋាភិបាល ឬក៏តាមរយៈសម្ដេចផ្ទាល់។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមថា សប្បុរសជននឹងបន្តចូលរួមជាមួយស្មារតីនេះ ដើម្បីរួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតទៅទៀត ខណៈរាជរដ្ឋាភិបាលក៏បាននិងកំពុងបញ្ចេញថវិកា និងស្បៀងបម្រុងចែកជូនប្រជាពលរដ្ឋរងគ្រោះជាមួយគ្នាផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់នៅក្នុងរាធានី-ខេត្តចំនួន ១៩ ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើនឹង ៤១៧,៣៩២នាក់ ប្រជាជនបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើនឹង ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន ៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាតនឹងធ្វើការប៉ាន់ប្រមាណបូកសរុបបន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕