(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានបន្តដឹកនាំក្រុមការងារមានប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រសង្កាត់បឹងកុក និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ដោយសារជំនន់ទឹកភ្លៀង ចេះតែបន្តកើនឡើង ធ្វើឱ្យមានទឹកហូរកាត់ផ្លូវជាច្រើនកន្លែង ក្នុងសង្កាត់បឹងកុក និងមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។

ទន្ទឹមនឹងនេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងបានចាត់វិធានការ ពិនិត្យតាមប្រព័ន្ធលូ និងប្រើគ្រឿងចក្រ ដើម្បីកាយបើកមុខទឹក ឱ្យហូរបានលឿនបញ្ចៀសកុំឲ្យទឹកលិចចូលផ្ទះប្រជាពលរដ្ឋ។

ដោយឡែក នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹក នៅចំណុចច្រកចូលព្រលានយន្តហោះចាស់ មុខរោងចក្រវាយនភ័ណ្ឌខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិលរងការប៉ះពាល់ ដោយសារកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងកាលពីយប់ ជាហេតុបណ្ដាលឱ្យមានការហូរច្រោះផ្លូវ។

ប៉ុន្តែយ៉ាងណាក៏ដោយ ខាងអាជ្ញាធរ បានរកវិធីសាស្ត្ររំដោះទឹកចេញ និងកាយប្រព័ន្ធលូដែលរងការកក់ស្ទះ នៅតំបន់នោះ លុះរហូតដល់រសៀលថ្ងៃដដែលនេះ ស្ថានភាពទឹកហូរច្រោះផ្លូវ មានការ ថមថយ រីឯអ្នកដំណើរតាមរថយន្ត អាចធ្វើចរាចរណ៏ទៅមកជាធម្មតា៕