(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា សម្ដេចមិនត្រូវការចរចានយោបាយ ជាមួយអ្នកណាទាំងអស់ ហើយអ្នកដែលធ្វើខុសច្បាប់ត្រូវស្ថិតនៅតុលាការ អ្នកដែលកាត់ទោសហើយត្រូវមកជាប់ពន្ធនាគារនៅកម្ពុជា។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល បន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ដើម្បីបញ្ចប់នូវពាក្យចរចាមរាមរបស់អ្នកមួយចំនួនបាននិយាយថា នឹងមានដំណោះស្រាយជាមួយសម្ដេច ហើយសម្ដេចតេជោថ្លែងថា មានតែមកដោះស្រាយជាមួយច្បាប់តែប៉ុណ្ណឹង រឿងចរចានយោបាយគឺគ្មានឡើយ។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះទំនងជាប្រាប់ទៅអតីតមេបក្សប្រឆាំងមួយរូប ដែលកំពុងសម្ងំរស់នៅលើទឹកដីប្រទេសបារាំង ហើយសម្ដេចតេជោ ក៏មិនខ្វល់ពីការបង្កើតគណបក្សថ្មីរបស់មេបក្សប្រឆាំងរូបនេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសឲ្យជនរួមជាតិបានដឹង ខ្ញុំមិនត្រូវការចរចាជាមួយអ្នកណាទាំងអស់ អ្នកដែលធ្វើខុសច្បាប់ គឺមានតែតុលាការមួយគត់ ហើយអ្នកដែលបានតុលាការកាត់ទោសហើយ ត្រូវមកជាប់គុកសិន បន្ទាប់ពីជាប់គុកហើយ ចាំនិយាយគ្នា»។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា អ្នកខ្លះនិយាយថា នឹងមានដំណោះស្រាយ សម្ដេចអត់ត្រូវការដំណោះស្រាយនយោបាយ ជាមួយអ្នកណាទាំងអស់ ព្រោះអ្នកទាំងឡាយ ត្រូវដោះស្រាយតែជាមួយច្បាប់ តែប៉ុណ្ណឹង អត់មានមកត្រូវការចរចានយោបាយទេ។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំទៅមនុស្សមួយចំនួន អំពីការរង់ចាំដំណោះស្រាយនយោបាយ ផងដែរថា «ខ្ញុំប្រកាសថា អត់មាន» !។ ហើយសម្ដេចតេជោ អះអាងថា «ហ៊ុន សែន អត់និយាយរឿងដំណោះស្រាយនយោបាយទេ»៕