(ភ្នំពេញ)៖ លោក David R. Boyd អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អសប) ទទួលបន្ទុកសិទ្ធិមនុស្ស និងបរិស្ថាន បានសរសើររដ្ឋសមាជិកអសប រួមទាំងកម្ពុជាផង ចំពោះការចាត់វិធានការលើកកម្ពស់សិទ្ធិទទួលបានបរិស្ថានស្អាត មានសុវត្ថិភាព មានអនាម័យ និងប្រកបដោយចីរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
ការសរសើររបស់អ្នករាយការណ៍ពិសេសរូបនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងកិច្ចសន្ទនាអន្តរកម្មរបស់គណៈកម្មាធិការទី៣ នៃសម័យប្រជុំលើកទី៧៥ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។ លោកមានជំនឿផងដែរថា ឧត្តមានុវត្តន៍នៃរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជាគំរូដែលជាការជួយជំរុញឲ្យប្រទេសដទៃទៀត ដោះស្រាយវិបត្តិបរិស្ថានពិភពលោក។
លោក David R. Boyd បានដាក់បញ្ចូលគំរូរបស់កម្ពុជា ទៅក្នុងកថាខណ្ឌទី១១ និង៩២ ក្នុងឧបសម្ព័ន្ធនៃរបាយការណ៍ពិសេស (A/75/161) របស់លោក ស្តីពីបញ្ហានៃកាតព្វកិច្ចសិទ្ធិមនុស្ស ពាក់ព័ន្ធដល់ការរីករាយក្នុងការទទួលបានបរិស្ថានស្អាត មានសុវត្ថិភាព មានអនាម័យ និងប្រកបដោយចីរភាព ដែលក្នុងនោះរំលេចពីកម្ពុជា ដូចខាងក្រោម៖
* នៅប្រទេសកម្ពុជា សិទ្ធិទទួលបានបរិស្ថានស្អាត មានសុវត្ថិភាព មានអនាម័យ និងប្រកបដោយចីរភាព ទទួលបានការគាំពារពីរដ្ឋធម្មនុញ្ញ ដែលជាការលើកទឹកចិត្តជាពិសេស ដល់សារៈសំខាន់នៃធម្មជាតិ ប្រព័ន្ធអេកូឡូស៉ី និងជីវចម្រុះ។
* អនុលោមតាមកំណែទម្រង់អភិបាលកិច្ចបរិស្ថានរបស់កម្ពុជា សម្រាប់កម្មវិធីការអភិវឌ្ឍប្រកបដោយចីរភាព តំបន់ព្រៃឈើមួយចំនួនត្រូវបានដាក់ជាតំបន់ការពារ ហើយតំបន់សម្រាប់អភិរក្សចម្រុះ និងកែទម្រង់អភិបាលកិច្ចបរិស្ថាន។ ជាលទ្ធផល ប្រព័ន្ធតំបន់ការពាររបស់កម្ពុជាពេលបច្ចុប្បន្ន គ្រប់ដណ្តប់លើផ្ទៃដី ៣៩% នៃផ្ទៃប្រទេស៕