(ភ្នំពេញ)៖ ក្នុងនាមជាអ្នកកាសែតជើងចាស់ជាង២២ឆ្នាំ និងជាអ្នកតាមដានរាល់កិច្ចការអាស៊ាន លោក ពុយ គា បានបង្ហើបអំពីអត្តចរិត លោក Bilahari Kausikan អតីតមន្រ្តីការទូតសិង្ហបុរីថា ជាមនុស្សមាត់ដាច សម្តីថ្លោស ឫកឆ្មើង និងពើងទ្រូង ដែលតែងនិយាយអំពីចំណុចរសើប ឬអវិជ្ជមាននានា ដើម្បីបង្ហើបនឹងបង្ហាញឲ្យឃើញពីទស្សនៈរបស់ខ្លួន និងការជជែកវែកញែកដេញដោលលើបញ្ហាតំបន់ និងអន្តរជាតិក្នុងក្របខណ្ឌការសិក្សា និងការស្វែងយល់តែប៉ុណ្ណោះ។
រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានការជជែក និងសរសេរបកស្រាយតទៅតមករវាងអតីតអ្នកការទូតដែលចូលនិវត្តន៍ និងអ្នកការទូតដែលកំពុងបំពេញតួនាទីបច្ចុប្បន្នរបស់កម្ពុជា និងអតីតអ្នកការទូតមួយរូបរបស់សិង្ហបុរី ដែលបានធ្វើអត្ថាធិប្បាយចង់ឲ្យអាស៊ានបណ្តេញកម្ពុជា និងឡាវចេញពីអាស៊ាន ដោយភ្ជាប់ប្រទេស២នេះទៅនឹងចិន។
ជាអ្នកសារព័ត៌មានកម្ពុជាមួយរូប ដែលបានតាមដានកិច្ចការអាស៊ានរយៈពេលជាង២២ឆ្នាំកន្លងមកនេះ លោក ពុយ គា តែងកត់សម្គាល់ «នរណាជានរណា = who is who?» នៅក្នុងអាស៊ាន ហើយលោកក៏ស្វែងយល់ត្រួសៗអំពីអតីមន្រ្តីការទូតសិង្ហបុរីរូបនេះ។
លោក ពុយ គា បាននិយាយថា៖ លោក Bilahari Kausikan ត្រូវបានសារព័ត៌មានសិង្ហបុរីខ្លួនឯង (The Straight Times) ឲ្យរហ័សនាមថា «Singapore’s undiplomatic diplomat» មានន័យថា ជាអ្នកការទូតមិនមែនជាអ្នកការទូត ឬសម្រាយថាជាអ្នកការទូតដែលចេះតែនិយាយដូចមែនទែនចឹង គ្មានខ្វល់ពីផលវិបាកនឹងកើតមានឡើយ។ នៅខែកក្កដា ឆ្នាំ២០១៧ អ្នកសារព័ត៌មាន The Straight Times បានចោទសួរអំពីកេរ្តិ៍ឈ្មោះមិនសូវល្អរបស់គាត់ក្នុងការនិយាយលេងសើចហើយជាន់ឈ្លីគេទៀត ស្រាប់តែគាត់តបដោយសើចថា “ខ្ញុំនិយាយបែបចឹងតែនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ទេ ចំណែកថ្ងៃចន្ទ ពុធ និងសុក្រ គឺស៊ីសាច់ហុតឈាមហ៎្មង” ។ (When asked about his reputation for chewing people up and spitting them out, he laughed. “Only on Tuesday, Thursday and Saturday,” he said. “On Monday, Wednesday and Friday I merely suck their blood.”)»។
អ្នកកាសែតជើងចាស់ និងជាអ្នកតាមដានរាល់កិច្ចការអាស៊ាន ជាង២២ឆ្នាំរូបនេះ បានអះអាងបន្ថែមថា៖ «លោក Bilahari Kausikan ត្រូវបានអ្នកនយោបាយនៅសិង្ហបុរីសម្គាល់ថា គាត់តែងព្យាយាមនិយាយយ៉ាងណាដែលបង្ហាញថា គាត់ជាអ្នកជាតិនិយមមួយរូបរបស់សិង្ហបុរី។ គាត់ចូលចិត្តបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកលើនយោបាយការបរទេសសិង្ហបុរី ចូលចិត្តប្រធានាធិបតីដូណាល់ត្រាំ ហើយក៏ជាមន្រ្តីការបរទេសសិង្ហបុរីមួយរូបដែលមាត់ដាច សម្តីថ្លោស ឫកឆ្មើង និងពើងទ្រូង»។
លោកបន្តទៀតថា៖ «តាមការអង្កេតរបស់ខ្ញុំលើវិស័យការទូត ឬទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសិង្ហបុរី ខ្ញុំចាប់អារម្មណ៍ទៅលើចំណុចចៃដន្យមួយ គឺសម្តីរបស់ លោក Bilahari Kausikan បានធ្វើឡើងក្រោយពីឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា គឺលោក Michael Tan ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា (២០១៦) បានបីខែ ហើយឥឡូវនេះមុនលោក Michael Tan ត្រូវបញ្ចប់អណត្តិរយៈពេល ២ខែខាងមុខនេះ ស្រាប់តែលោក Bilahari Kausikan និយាយដូច្នេះម្ដងទៀត។ យ៉ាងណាក៏ដោយ ខ្ញុំយល់ថាការអត្ថាធិប្បាយ ឬការបញ្ចេញទស្សនៈរបស់ លោក Bilahari Kausikan ជាទស្សនៈផ្ទាល់ខ្លួនមួយរូប មិនមែនជាជំហររបស់សិង្ហបុរី ហើយក៏មិនមែនជារឿងដែលសិង្ហបុរី ជាប្រទេសស្ថាបនិកមួយរបស់អាស៊ានតាំងពីឆ្នាំ១៩៦៧ គួរធ្វើបែបនេះដែរ ព្រោះវានឹងនាំឲ្យអាស៊ានបែកបាក់ និងដួលរលំតែម្តង»។
សរុបសេចក្តីមក លោក ពុយ គា នៅតែយល់ថា «វាជាទស្សនៈរបស់អ្នក academic ដែលបច្ចុប្បន្នគាត់ជាប្រធានវិទ្យាស្ថាន “Middle East Institute at the National University of Singapore” ដែលតែងនិយាយអំពីចំណុចរសើប ឬអវិជ្ជមាននានា ដើម្បីបង្ហើបនឹងបង្ហាញឲ្យឃើញពីទស្សនៈរបស់ខ្លួន និងការជជែកវែកញែកដេញដោលលើបញ្ហាតំបន់ និងអន្តរជាតិក្នុងក្របខណ្ឌការសិក្សា និងការស្វែងយល់តែប៉ុណ្ណោះ ហើយការបកស្រាយរបស់ក្រុមអ្នកការទូតកម្ពុជា ដូចជាគ្រប់គ្រាន់សម្រាប់ លោក Bilahari Kausikan វ័យ៦៦ឆ្នាំ ដើម្បីយកទៅពិចារណាថា គួរលើកបន្តនៅវេទិការក្រោយៗទៀត ឬគួរបញ្ឈប់ត្រឹមប៉ុណ្ណឹង ព្រោះឆ្លងតាមការបកស្រាយពីកម្ពុជាបានបង្ហាញថា ទស្សនៈរបស់គាត់បានប៉ះពាល់ដល់ប្រទេសដទៃ និងអាចបង្កើតជាអរិភាពជាមួយគ្នាផងដែរ តែក៏មានមតិមួយលើកឡើងថា គួរកុំប្រតិកម្មខ្លាំងពេក ចៀសវាង “យករថក្រោះទៅកិនមូស”»។
លោក Bilahari Kausikan ត្រូវបានមហាជនរិះគន់ថា បានថ្លែងដោយមិនបានយល់ច្បាស់អំពីគោលការណ៍អាស៊ាន ឬវង្វេងរង្វាន់ និងភ្លេចភ្លាំង ខណៈដែលលោកកាន់តែមានវ័យចំណាស់ទៅហើយនោះ។ គោលការណ៍គ្រឹះដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានគេស្គាល់ជាទូទៅថាជា «មាគ៌ាអាស៊ាន» ។ «មាគ៌ាអាស៊ាន» បានដាក់ចេញនូវគោលការណ៍ណែនាំដើម្បីគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋនៅអាស៊ីអាគ្នេយ៍ និងពិភពលោក បូករួមទាំងគោលការណ៍គោរពគ្នាទៅវិញទៅមកចំពោះសមភាពអធិបតេយ្យ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា និងការសម្រេចចិត្តដោយយោងលើកុងសង់ស៊ីស (ការសម្រេចដោយឯកច្ឆ័ន្ទ)។
គោលការណ៍គ្រប់គ្រងនេះ បាននិងកំពុងបម្រើឱ្យអាស៊ានបានយ៉ាងល្អប្រសើរអស់រយៈពេល ៥ ទសវត្សរ៍ចុងក្រោយនេះ ទោះបីតំបន់នេះបានប្រឈមកាលៈទេសៈលំបាក ដែលពេលខ្លះមានភាពស្រួចស្រាល់ជាងពេលបច្ចុប្បន្ននេះទៀតក្តី។ វាជារឿងគ្រោះថ្នាក់ គ្មានការទទួលខុសត្រូវ ហើយប្រៀបបាននឹងការធ្វើអត្តឃាត ប្រសិនបើយើងលះបង់ចោលគោលការណ៍ទាំងនេះ ដោយហេតុផលដ៏សាមញ្ញ និងជាក់ច្បាស់ដែលថា សាមគ្គីភាព និង មជ្ឈភាពអាស៊ាននឹងត្រូវរង្គោះរង្គើដល់ឫសគល់៕