(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ រយៈពេល១០ខែ ឆ្នាំ២០២០ កម្ពុជានាំអង្ករចេញទៅក្រៅប្រទេស បានជាង៥៣ម៉ឺនតោន។ ចំនួននេះមានការកើនឡើងជាង១៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។
លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា លទ្ធផល នៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២០ សម្រេចបាន ៥៣៦,៣០៥តោន ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១,១៣២តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩,០១២តោន និងអង្ករចំហ៊ុយមានចំនួន ៦,១៣៨ តោន។
បើតាមលោករដ្ឋមន្ដ្រី វេង សាខុន ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨,៣៦៥តោន ស្មើនឹង១៧.១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧,៩៤០តោន។
លោក វេង សាខុន បានឲ្យដឹងទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល១០ខែនេះ មានចំនួន៦០ប្រទេស។ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម២៨ប្រទេស, ប្រទេសចិន (រួមទាំងកោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ាន ចំនួន៦ ហើយនៅទ្វិបដ៏ទៃទៀតចំនួន ២៩ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន១០ ក្នុងចំណោម៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល១០ខែ ដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ទី១៖ ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ប្រទេស មានបរិមាណសរុបចំនួន ១៧៤,៣៩១ តោនកើនចំនួន៣២.៥១%, ទី២៖ ប្រទេសចិនមានបរិមាណសរុប ចំនួន១៩៤,៤៥១តោន កើនឡើងចំនួន ៣៦.២៦%, ទី៣៖ បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុប ចំនួន៧១,៨៨២តោន កើនឡើងចំនួន១៣.៤០%, និងទី៤៖ គោលដៅដ៏ទៃទៀត ចំនួន២៩ប្រទេស មានបរិមាណសរុបចំនួន ៩៥,៥៨១តោន បានកើនឡើងចំនួន១៧.៨៣%។
ការនាំចេញស្រូវទៅតាមបណ្តាច្រក នៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម សម្រាប់រយៈពេល៩ខែ ២៨ថ្ងៃ ឆ្នាំ២០២០ (មកទល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០) មានបរិមាណសរុបចំនួន ១,៤២៧,២២៦តោន៕