(ភ្នំពេញ)៖ ដោយពិនិត្យឃើញស្ថានីយបូមទឹកបឹងទំពន់ មានសភាពចាស់ទ្រុឌទ្រោម ហើយផ្ទៃអាងស្តុកទឹកបឹងទំពន់តូច និងប្រឡាយគោករាក់យ៉ាងខ្លាំង ដោយសារការចាក់ដីរំលោភនោះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពនៃម៉ាស៊ីនបូមទឹក បុកជញ្ជាំងបេតុង (Sheet-Pie) ស្តារជម្រៅអាងស្តុកទឹក និងប្រឡាយ ដើម្បីកាត់បន្ថយ ជាអតិបរមានូវការលិចលង់តំបន់ខ្លះនៃខណ្ឌទួលគោក សែនសុខ បឹងកេងកង និងមានជ័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែវិច្ឆិកានេះ។

បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា មុនពេលមានជំនន់ទឹកភ្លៀង ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះអនុវត្តការងារនេះ ប៉ុន្តែមានការរារាំងពីអ្នករំលោភកាន់កាប់ ដោយអ្នកខ្លះមានបំណងប្រើអំពើហិង្សាមកលើក្រុមការងារ ធ្វើឱ្យអាក់ខានពុំអាចអនុវត្តបានឡើយ។

រដ្ឋបាលរាជធានី បានបន្តថា នាពេលកន្លងទៅថ្មីៗនេះ នៅពេលដែលរាជធានីភ្នំពេញ ទទួលរងនូវជំនន់ទឹកភ្លៀងខ្លាំងនោះ ប្រសិនបើរដ្ឋបាលរាជធានីភ្នំពេញ ចាត់វិធានការមិនទាន់ពេលវេលា ក្នុងការយកឡានបូមទឹកខ្នាតធំទៅជួយបូមសង្គ្រោះ ព្រមទាំងយកបាវខ្សាច់ទៅទប់ទឹក កុំឱ្យលិចស្ថានីយបូមទឹកបឹងទំពន់ទេនោះ ម្ល៉េះទូរបញ្ជាអគ្គិសនីស្ថានីយបូមទឹកនេះត្រូវលិចលង់ បង្កឱ្យផ្ទុះឆេះលែងដំណើរការកើត នាំឱ្យតំបន់មួយចំនួន នៃរាជធានីភ្នំពេញត្រូវលិចលង់ត្រាំត្រែងជាច្រើនខែទៀតផង។ ទម្រាំរដ្ឋបាលរាជធានីភ្នំពេញ រកម៉ាស៊ីនបូមទឹកថ្មី និងជួសជុលម៉ូទ័របូមទឹកនៃស្ថានីយបូមទឹកបឹងទំពន់នេះ ដើម្បីបូមទឹកបញ្ចេញទៅបឹងជើងឯក ឱ្យបានរួចរាល់ឡើងវិញ។

សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាខាងលើ ប្រកបដោយចក្ខុវិស័យយូរអង្វែង សំដៅធានាបាននូវប្រសិទ្ធភាពនៃប្រព័ន្ធ រំដោះទឹក កាត់បន្ថយការលិចលង់នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងដំណើរការកែលម្អហេដ្ឋារចនាសម្ព័ន្ធដូចបានជម្រាបជូនខាងលើ ក្នុងពេលខាងមុខនេះដ៏ខ្លី។ ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលអនុវត្តគម្រោងកែលម្អខាងលើឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនលើកលែងចំពោះអ្នករារាំង ឬតវ៉ាទាំងឡាយ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖